(បរទេស)៖ កែវយឺតអវកាស Kepler ដែលថ្មីៗនេះទើបតែបានរកឃើញភពថ្មីៗប្រមាណជាង ២០០ភព នៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើងនោះ គឺជាលទ្ធផលដ៏អស្ចារ្យណាស់ទៅហើយ ប៉ុន្តែបើគិតចាប់តាំងពីពេលដែលវាត្រូវបានបាញ់បង្ហោះជាលើកដំបូង កាលពីឆ្នាំ២០០៩មក Kepler បានបង្កើតរបកគំហើញដ៏អស្ចារ្យជាច្រើនទៀត នៅក្នុងវិស័យអវកាស ហើយខាងក្រោមនេះគឺជារបកគំហើញកំពូលៗចំនួន០៥ ដែលកែវយឺតអវកាសនេះសម្រេចបាន៖
១. Kepler បានរកឃើញ ភពផែនដីជំនាន់ទីពីរ ឬ Earth 2.0៖
កាលពីឆ្នាំ២០១៤ កែវយឺតអវកាស Kepler បានបង្កើតរបកគំហើញដ៏ធំមួយ តាមរយៈការប្រទះឃើញភពមួយ ដែលមានរហស្សនាមថា Earth 2.0។ ភពដែលមានឈ្មោះថា Kepler-452b ត្រូវគេដាក់រហស្សនាមឲ្យថា Earth 2.0 ដោយសារតែវាមានលក្ខណៈជាច្រើន ដូចទៅនឹងភពផែនដី ទោះបីជាវាស្ថិតនៅចម្ងាយប្រមាណ ១,៤០០ឆ្នាំពន្លឺពីយើងក៏ដោយនោះ។
២. Kepler បានរកឃើញភពដំបូងគេ ដែលស្ថិតក្នុងតំបន់ទំនងអាចរស់នៅបាន៖
ភពដែលទំនងជាអាចទ្រទ្រង់ជីវិតបានដំបូងគេ ដែលកែវយឺតអវកាស Kepler បានរកឃើញកាលពីឆ្នាំ២០១១នោះ មានឈ្មោះថា Kepler-22b។ ក្រុមអ្នកវិទ្យាសាស្រ្តបានឯកភាពគ្នាថា ភពមួយនេះអាចឲ្យជីវិតរស់នៅបាន ពីព្រោះវាស្ថិតនៅក្នុងរយៈចម្ងាយដ៏ល្អឥតខ្ចោះ ពីព្រះអាទិត្យ ឬផ្កាយរបស់វា។
៣. Kepler បានរកឃើញភពម៉្យាងដែលគេហៅថា Super Earth៖
កាលពីខែមេសាកន្លងទៅនេះ Kepler បានរកឃើញ Super Earth មួយ (ភពក្រៅប្រព័ន្ធព្រះអាទិត្យ ដែលមានម៉ាសធំជាងផែនដី តែមិនដល់ម៉ាសរបស់ភពអ៊ុយរ៉ាណុស និងណិបទូននោះឡើយ) ដែលត្រូវបានគេដាក់ឈ្មោះឲ្យថា LHS 1140b។ វាគឺជាបេក្ខភាពដ៏ល្អ សម្រាប់ជីវិតរស់នៅ និងធ្វើដំណើរគោចរជុំវិញ Red Dwarf មួយ (ផ្កាយទំហំតូចដ៏ចំណាស់ និងមានសីតុណ្ហភាពទាបជាងផ្កាយធម្មតា) ក៏ប៉ុន្តែអ្នកវិទ្យាសាស្រ្តយល់ថា ភព LHS 1140s ប្រហែលជាមានមហាសមុទ្រ ពោរពេញទៅដោយកម្អែលម៉ាក់ម៉ាទាំងស្រុង (ដូចកម្អែលភ្នំភ្លើង) ដែលបញ្ចេញចំហាយកម្តៅទៅកាន់បរិយាកាសរបស់វា។
៤. Kepler គឺជាអ្នកដែលបានរកឃើញប្រព័ន្ធផ្កាយ TRAPPIST-1៖
កាលពីខែកុម្ភៈ ឆ្នាំ២០១៧ កែវយឺតអវកាស Kepler បានរកឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យ (Exoplanet ឬ Extrasolar Planet) ចំនួន០៧ភព ដែលមានទំហំប្រហាក់ប្រហែលនឹងផែនដី គោចរជុំវិញផ្កាយ TRAPPIST-1 ដែលស្ថិតនៅចម្ងាយជិត៤០ឆ្នាំពន្លឺពីព្រះអាទិត្យ នៅក្នុងបណ្តុំផ្កាយ Aquarius។
៥. Kepler បានប្រទះឃើញភពដ៏អស្ចារ្យមួយ ដែលវិលជុំវិញផ្កាយរបស់វាចំនួនពីរ៖
ភពនោះមានឈ្មោះថា Kepler-16b និងស្ថិតនៅចម្ងាយប្រហែល២០០ឆ្នាំពន្លឺពីផែនដី៕
គួរបញ្ជាក់ថា កែវយឺតអវកាស Kepler បានរកឃើញភពថ្មីចំនួន២១៦ភពថែមទៀត ដែលមានន័យថា មកទល់ពេលនេះ វាបានរកឃើញភពនៅក្រៅប្រព័ន្ធព្រះអាទិត្យជាង ៤,០០០ហើយ។ ដោយឡែកនៅក្នុងចំណោមភពទាំង ២១៦នោះ មាន១០ភពទំនងអាចជាជម្រកនៃជីវិតក្នុងទម្រង់ណាមួយ ពីព្រោះថា វាមានទំហំ និងលក្ខណៈប្រហាក់ប្រហែលទៅនឹងភពផែនដីយើងអ៊ីចឹង ពោលគឺមានន័យថា ពួកវាផ្សំឡើងពីដី និងថ្ម ហើយស្ថិតនៅក្នុងតំបន់ Goldillocks ឬ Habitable Zone នៃប្រព័ន្ធផ្កាយរបស់វា។ វាមានសីតុណ្ហភាពពុំក្តៅ ឬត្រជាក់ពេកឡើយ ដែលអាចអនុញ្ញាតឲ្យមានទឹកស្ថិតនៅក្នុងទម្រង់រាវបាន នៅទីនោះ។
យ៉ាងណាមិញ វាមិនអាចធានាបានទាំងស្រុងឡើយថា ភពដែលស្ថិតនៅក្នុងតំបន់ Goldillocks ឬ Habitable Zone នឹងមានជីវិតនៅទីនោះមួយភាគរយនោះ។ ដោយឡែកអង្គការ NASA មិនបានបញ្ជាក់ថា ភពជាង២០០ថ្មីនេះ ត្រូវបានរកឃើញនៅក្នុងបណ្តុំផ្កាយមួយណានោះទេ ក៏ប៉ុន្តែយើងដឹងថា ក្នុងអំឡុងជាងបួនឆ្នាំដំបូងនៃបេសកកម្មរបស់ Kepler កែវយឺតអវកាសនេះ បានចំណាយពេលធ្វើការអង្កេតទៅលើតំបន់មួយចំនួន នៃបណ្តុំផ្កាយ Cygnus និងបានពង្រីកដែននៃការរុករកបន្ថែមទៀតកាលពីឆ្នាំ២០១៤ នៅពេលដែលបេសកកម្មនោះ ត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា K2៕