(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko នៅថ្ងៃពុធនេះបាននិយាយថា លោកពិតជាពេញចិត្តពេញថ្លើម លើកិច្ចចរចាផ្នែកការពារជាតិជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក Poroshenko ធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Fox News ជុំវិញជំនួបជាមួយ លោក ដូណាល់ ត្រាំ នៅឯសេតវិមានកាលពីថ្ងៃអង្គារ។ ថ្លែងនាឱកាសនោះដែរ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងពិតជាពេញចិត្តយ៉ាងខ្លាំង លើកិច្ចចរចាផ្គត់ផ្គង់អាវុធ តែនេះមិនមែនមាន ន័យថា យើងមានបំណង ឬត្រៀមវាយប្រហារលើប្រទេសណាមួយឡើយ ពោលគឺវាគ្រាន់តែដើម្បីការពារខ្លួនពីសង្រ្គាមវិទ្យុសកម្ម យន្ដហោះគ្មានមនុស្សបើក និងសង្រ្គាមគ្រប់ទម្រង់ ទំាងអស់តែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអាមេរិក គិតចាប់តាំងពីឆ្នាំ២០១៤មក ទីក្រុងវ៉ាស៊ីនតោន បានផ្ដល់ជំនួយផ្នែកយោធាជាង ៦០០លានដុល្លារ ដល់អ៊ុយក្រែនដែលកំពុងមាន ជម្លោះជាមួយរុស្ស៊ីនៅឯតំបន់ឧបទ្វីបគ្រីមៀ។ ទោះបីជាយ៉ាងនេះក្ដី ទីក្រុងម៉ូស្គូបានព្រមានម្ដងហើយម្ដងទៀតថា ការផ្ដល់អាវុធឱ្យអ៊ុយក្រែន គឺមានតែធ្វើឱ្យស្ថានភាពអាក្រក់ក្នុងពេលបច្ចុប្បន្ន រឹតតែអាក្រក់ឡើង និងកាន់តែនាំទៅរកជម្លោះបង្ហូរឈាមតែប៉ុណ្ណោះ៕