(ម៉ូស្គូ)៖ មន្រ្តីជាន់ខ្ពស់ខាងជួញដូរសព្វាវុធរបស់ប្រទេសរុស្ស៊ី បានបង្ហាញភាពជឿជាក់ថា ទីផ្សារអាវុធនឹងនៅបន្តមានស្ថិរភាពដដែល នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំតទៅមុខទៀត ហើយទីក្រុងម៉ូស្គូនឹងមិនបាត់បង់ឥទ្ធិពល ក្នុងនាមជាអ្នកនាំចេញសព្វាវុធដ៏ធំលំដាប់ទីពីរ នៅលើពិភពលោកនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។
លោក Dmitry Shugaev ពុំបានមើលឃើញឡើយថា នឹងមានការកើនឡើងនៃការលក់សព្វាវុធ នៅក្នុងរយៈពេលបីខែខាងមុខនោះទេ ក៏ប៉ុន្តែជាមួយគ្នានេះលោកក៏បានបង្ហាញពីសុទិដ្ឋិនិយមថា ប្រទេសរុស្ស៊ីនឹងនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ដដែល នៅក្នុងទីផ្សារសព្វាវុធអន្តរជាតិ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ សព្វាវុធសរុបគិតជាទឹកប្រាក់តម្លៃប្រមាណ ៨០ពាន់លានដុល្លារ ត្រូវបានជួញដូររវាងប្រទេសនានា នៅជុំវិញពិភពលោក ហើយការនាំចេញសព្វាវុធរបស់រុស្ស៊ីបានចូលរួមចំណែក ១៥ពាន់លានដុល្លារ នៅក្នុងនោះតាមរយៈការលក់ យន្តហោះយោធា-ចម្បាំង, ប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធសព្វាវុធសម្រាប់ទ័ពជើងទឹកជាដើម។ សម្រាប់អ្នកជាវវិញ ប្រទេសឥណ្ឌាគឺជាអតិថិជនដ៏ធំជាងគេរបស់ទីក្រុងម៉ូស្គូ រីឯចិនជាអតិថិជនលេខពីរ។ ដោយឡែកប្រទេសជាប់លេខ១ខាងលក់អាវុធនោះ គឺគ្មាននរណាក្រៅពីសហរដ្ឋអាមេរិកនោះឡើយ៕