(អឺរ៉ុប)៖ អង្គការណាតូ ដែលមានសហរដ្ឋអាមេរិកជាបងធំ បានដឹកនាំការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ «Iron Wolf 2017» ឬ ចចកដែកឆ្នាំ២០១៧ នៅក្នុងប្រទេសលីទុយអានី នៅថ្ងៃអង្គារសប្ដាហ៍នេះ ស្របពេលទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុប កំពុងព្រួយបារម្ភខ្លាចក្រែងរុស្ស៊ី ចូលឈ្លានពានបណ្ដាប្រទេសក្នុងឈូងសមុទ្របាល់ទិច។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។
សមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលមានការចូលរួមពីកងទ័ពចំនួន ៥,៣០០នាក់ មកពី១០ប្រទេសជាសមាជិកអង្គការណាតូដូចជា អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងប៊ែលហ្សិក ជាដើមបានចាប់ផ្ដើមធ្វើឡើងនៅតំបន់ភាគខាងត្បូង និងភាគខាងកើតប្រទេសលីទុយអានី តាំងតែពីថ្ងៃទី១២ ខែមិថុនា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៣ ខែមិថុនា ដោយផ្តោតសំខាន់លើប្រតិបត្តិការការពារ និងវាយលុកលើសត្រូវ។
ទន្ទឹមគ្នានោះដែរ ឆ្លើយតបទៅនឹងក្ដីព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន ទីក្រុងម៉ូស្គូបានអះអាងថា ខ្លួនគ្មានបំណងចង់ឈ្លានពានប្រទេស ក្នុងឈូងសមុទ្របាល់ទិចដូចជា លីតតូនី អេស្ដូនី ឬក៏ លីទុយអានី នោះទេ ហើយក៏មិនបានធ្វើសកម្មភាពអ្វី គម្រាមកំហែងដល់សន្តិសុខប្រទេសជិតខាងទំាងនេះដែរ តែផ្ទុយទៅវិញគឺអង្គការណាតូទៅវិញទេ ដែលតែងតែបង្កឱ្យស្ថានភាពបច្ចុប្បន្ន កាន់តែតានតឹងឡើង តាមរយៈការធ្វើសមយុទ្ធយោធានៅជិតរបងផ្ទះរុស្ស៊ី។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអង្គការណាតូ និងរុស្ស៊ីចាប់ផ្ដើមធ្លាក់ចុះដុនដាបខ្លាំង បន្ទាប់ពីទីក្រុងម៉ូស្គូ បានក្រសោបគ្រប់គ្រងតំបន់គ្រីមៀពីអ៊ុយក្រែន ដែលសកម្មភាពនេះឯងធ្វើឱ្យអឺរ៉ុប និងសហរដ្ឋអាមេរិក យល់ថា រុស្ស៊ីកំពុងមានចេតនាពង្រីកទ្ធិពល និងឈ្លានពានប្រទេសជិតខាង។ ដូច្នេះហើយទើបអង្គការណាតូ តែងតែដឹកនាំការធ្វើសមយុទ្ធយោធាស្ទើរជារៀងរាល់ឆ្នាំ ដើម្បីកំញើញរុស្ស៊ី និងពង្រឹងសមត្ថភាពយោធា របស់បណ្ដាប្រទេសអឺរ៉ុបខាងកើត ដែលមានព្រំដែនជាប់រុស្ស៊ី៕