(ម៉ានីល)៖ ក្រុមឧទ្ទាមភាគខាងត្បូង ដែលរដ្ឋាភិបាលហ្វីលីពីនហៅថា ជាពួកភេរវករបណ្តាញរបស់ ISIS នៅភាគខាងត្បូងប្រទេសហ្វីលីពីននោះ បានធ្វើការលុកលុយសាលារៀនមួយកន្លែងនៅលើកោះមីនដាណាវ នៅព្រឹកថ្ងៃពុធនេះតែម្តង និងបានចាប់សិស្សជាច្រើននាក់ធ្វើជាចំណាប់ខ្មាំងថែមទៀតផង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។
កងកម្លាំងសន្តិសុខហ្វីលីពីនបានអះអាងថា ប្រតិបត្តិការវាយលុកសាលារៀន និងចាប់កូនសិស្សធ្វើជាចំណាប់ខ្មាំងពេលនេះក៏ត្រូវបានចូលរួមដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម BIFF ផងដែរ។ សាលារៀនខាងលើនេះ ស្ថិតនៅក្នុងទីក្រុង Pigcawayan នៃខេត្ត North Cotabato ភាគកណ្តាលកោះមីនដាណាវ ជាតំបន់ដែលកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាមភាគខាងត្បូង ធ្វើការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក ឈានចូលដល់សប្តាហ៍ទី០៥ ទៅហើយនោះ។
គួរបញ្ជាក់ថា ទីក្រុង Pigcawayan មានចម្ងាយ ១៩០គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុង Marawi ដែលសង្គ្រាមកំពុងប្រព្រឹត្តទៅ។ សម្រាប់ក្រុម BIFF នេះដែរ ត្រូវបានគេស្គាល់ថា ជាសម្ព័ន្ធជាមួយនឹងក្រុមឧទ្ទាម Maute និង អាប៊ូ សាយយ៉ាហ្វ ដែលកំពុងតែមានទំនាក់ទំនងជាមួយក្រុម ISIS នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ ការសម្រុកចូលសាលារៀន និងចាប់សិស្សច្រើននាក់ជាចំណាប់ខ្មាំងនេះដែរ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសពីការគ្រោងទម្លាក់គ្រាប់បែកបន្ថែមទៀត លើក្រុមភេរវករនៃកោះមីនដាណាវ។
រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងថា តើសិស្សានុសិស្សប៉ុន្មាននាក់ ដែលត្រូវក្រុមឧទ្ទាមចាប់ជាចំណាប់ខ្មាំងនោះឡើយ ខណៈយោធាហ្វីលីពីនកំពុងតែរៀបចំចរចា ដើម្បីរំដោះក្មេងៗមិនដឹងអីទាំងនោះវិញ៕