(ព្រុចសែល)៖ ប៉ូលិសប៊ែលហ្សិកបានបាញ់សម្លាប់បុរសជាជនសង្ស័យម្នាក់ ដែលបម្រុងអនុវត្តន៍ការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯស្ថានីយ៍រថភ្លើង ក្នុងទីក្រុងព្រុចសែល ហើយហេតុការណ៍នេះកើតឡើងនៅចំពេលក្រុម ISIS កំពុងដឹកនាំការវាយប្រហារភេរវកម្ម កាន់តែច្រើនឡើងនៅអឺរ៉ុប។ នេះបើតាមមន្ត្រីប៉ូលិស ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។
ប៉ូលិសប៊ែលហ្សិកបានឱ្យដឹងទៀតថា បុរសជាជនសង្ស័យខាងលើនេះ ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានការផ្ទុះគ្រាប់បែកមួយបានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ (ម៉ោងនៅក្នុងទីក្រុងព្រុចសែល) ហើយមនុស្សជាច្រើននាក់ ក៏ត្រូវបានគេជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព តែពុំទាន់មានការបញ្ជាក់ថា មនុស្សណាម្នាក់បានរងរបួសនៅឡើយទេ។
ចំណែកឯក្រុមរដ្ឋអាជ្ញាក៏បានអះអាងដែរថា បុរសមិនទាន់ស្គាល់អត្តសញ្ញាណរូបនេះបានបាត់បង់ជីវិត ខណៈពួកគេបានចាត់ទុកថា ការវាយប្រហារនេះជាទង្វើភេរវកម្ម។ ដោយឡែកបើតាមសារព័ត៌មាន La Libre Belgique បុរសសង្ស័យរូបនេះដដែល បានស្ពាយសាក់កាដូមួយនៅនឹងខ្នង និងខែ្សក្រវាត់គ្រាប់បែកទៀតផង ដោយរូបគេបានបំផ្ទុះគ្រាប់បែកតូចមួយ ដើម្បីបង្វែងដានប៉ូលិសនៅឯស្ថានីយ៍រថភ្លើងក្នុងទីក្រុងព្រុចសែល តែប៉ូលិសបានបាញ់សម្លាប់បុរសរូបនេះទាន់ពេលវេលា មុននឹងរូបគេចុចបំផ្ទុះគ្រាប់បែកនៅជាប់នឹងខ្លួន។
គួររំលឹកថា កាលពីខែមីនា ឆ្នាំ២០១៦ មនុស្ស ៣២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក នៅឯស្ថានីយ៍រថភ្លើងទីក្រុងព្រុចសែល ដែលក្រុម ISIS អះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារនេះ៕