(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានព្រមានទម្លាក់គ្រាប់បែកបន្ថែមទៀត ទៅលើខេត្តមីនដាណាវ ភាគខាងត្បូងប្រទេស ដើម្បីជីកឬសគល់បណ្តាញភេរវករ ISIS ឲ្យអស់តែម្តង ខណៈដែលសង្គ្រាមបានអូសបន្លាយមកជិតមួយខែទៅហើយ ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅយប់ថ្ងៃអង្គារ ក្នុងទីក្រុង Cagayan de ទីដែលលោក ឌូតឺតេ ចុះទៅសួរសុខទុក្ខនាយទាហានដែលរងរបួសក្នុងសង្គ្រាមនៅភាគខាងត្បូងប្រទេសនោះ បុរសខ្លាំងរបស់ជាតិហ្វីលីពីនរូបនេះសង្កត់ធ្ងន់ថា «នៅថ្ងៃខាងមុខនេះ ក្រុមភេរវករដែលជាបណ្តាញនៃ ISIS ទាំងអស់នេះ នឹងត្រូវទទួលរងការទម្លាក់គ្រាប់បែក។ សង្គ្រាមនឹងអាចរាលដាលពាសពេញខេត្តមីនដាណាវ និងបណ្តាកោះមួយចំនួនទៀត ដែលជាទីឈរជើងរបស់ពួកភេរវករ អាប៊ូ សាយយ៉ាហ្វ និង Maute»។
គួរបញ្ជាក់ថា ក្រុមភេរវករភាគខាងត្បូង និងយោធារដ្ឋាភិបាលហ្វីលីពីន បានផ្ទុះសង្គ្រាមជាមួយគ្នានៅទីក្រុង Marawi ក្នុងខេត្តមីនដាណាវ តាំងពីថ្ងៃទី២៣ ខែឧសភាមកម្ល៉េះ ដោយក្នុងនោះតួលេខចុងក្រោយដែលត្រូវបានរដ្ឋាភិបាលហ្វីលីពីនបញ្ចេញជាផ្លូវការនោះ គឺមនុស្សសរុប ៣៤៩នាក់បានស្លាប់ ក្នុងនោះជាង ២០០នាក់ គឺជាពួកសកម្មប្រយុទ្ធ ខណៈយោធា និងជនស៊ីវិលជាច្រើននាក់ក៏បានបាត់បង់ជីវិតផងដែរ៕