(ដូហា)៖ ក្រសួងការពារជាតិនៃប្រទេសកាតា បានប្រកាសអំពីការមកដល់នៃកងកម្លាំងយោធារបស់តួកគី នៅក្នុងរដ្ឋធានីរបស់ខ្លួននាពេលថ្មីៗនេះ ដើម្បីចូលរួមការធ្វើសមយុទ្ធរួមគ្នា នៅចំពោះមុខវិបត្តិការទូតក្នុងពិភពអារ៉ាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Al Jazeera នៅយប់ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងខាងលើ កងទ័ពនៃប្រទេសទាំងពីរ បានធ្វើការហ្វឹកហ្វឺនរួមគ្នាជាលើកដំបូង នៅឯមូលដ្ឋានយោធា Tariq bin Ziyad កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ការធ្វើសមយុទ្ធយោធានេះ ដែលត្រូវបានគ្រោងទុកអស់រយៈពេលជាយូរមកហើយនោះ គឺស្ថិតក្នុងផ្នែកនៃកិច្ចព្រមព្រៀងទ្វេភាគីមួយ សំដៅពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសកាតាក៏ដូចជាតួកគី ព្រមទាំងបង្កើនកិច្ចប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ និងថែរក្សាស្ថិរភាពនៅក្នុងតំបន់។
សូមជំរាបថា តួកគីគឺជាអ្នកគាំទ្រដ៏ចម្បងជាងគេរបស់កាតា ចាប់តាំងតែពីជម្លោះរវាងទីក្រុងដូហា និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ឈូងសមុទ្រពែក បានចាប់ផ្តើមកាលពីថ្ងៃទី០៥ ខែមិថុនា នៅពេលដែលរាជាណាចក្រអារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន អេហ្ស៊ីប រួមទាំងបណ្តាប្រទេសមួយចំនួនទៀត បានកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតា ក្រោមហេតុផលចោទប្រកាន់ថា ប្រទេសកាតា បានគាំទ្រក្រុមភេរវករនិងប្រទេសអ៊ីរ៉ង់ ខណៈកាតាបានទាត់ចោលការចោទប្រកាន់ទាំងនេះ៕