(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះ នោះសូមទស្សនាដូចខាងក្រោម៖
១៖ និស្សិតអាមេរិក Otto Warmbier ដែលត្រូវបានកូរ៉េខាងជើងដោះលែងឱ្យមានសេរីភាព ក្នុងស្ថានភាពជាមនុស្សរុក្ខជាតិ បន្ទាប់ពីបានជាប់ឃុំអស់រយៈពេលជាង១៧ខែ បានទទួលមរណភាពហើយ កាលពីថ្ងៃចន្ទ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក)។ មកទល់ពេលបច្ចុប្បន្ន នៅសល់ជនជាតិកូរ៉េខាងត្បូង០៦នាក់ និងពលរដ្ឋអាមេរិកកាត់កូរ៉េ ០៣នាក់ ទៀតកំពុងជាប់ឃុំនៅកូរ៉េខាងជើង ខណៈការព្រួយបារម្ភចាប់ផ្ដើមលេចឡើងខ្លាចក្រែងអ្នកទំាងនេះមានវាសនាដូចជា Otto Warmbier៕
២៖ យោធាហ្វីលីពីន នៅថ្ងៃអង្គារនេះ បានអះអាងថា ពួកគេកំពុងធ្វើប្រតិបត្តិការវាយលុក លើពួកឧទ្ទាមមានសម្ព័ន្ធភាពជាមួយពួក ISIS នៅក្នុងទីក្រុង Marawi ក្នុងគោលបំណងដណ្ដើមកាន់កាប់ទីក្រុងមួយនេះទាំងស្រុង ឱ្យបានមុនចុងសប្ដាហ៍នេះ ដែលជាថ្ងៃជនមូស្លីមត្រូវបញ្ចប់កាតាព្វកិច្ចតមអាហារ។ គិតមកទល់នឹងសប្ដាហ៍ទី០៥នៃជម្លោះនេះមនុស្ស យ៉ាងហោចណាស់៣៥០នាក់ហើយ បានបាត់បង់ជីវិត៕
៣៖ ក្រុមការងារនៃបេសកកម្មកែវយឺតអវកាស Kepler របស់អង្គការ NASA ទើបតែបានរកឃើញបេក្ខភាពភពថ្មីៗចំនួន ២១៩ថែមទៀត ដោយ១០ភព ក្នុងចំណោមនោះអាចនឹង ក្លាយជាក្តីសង្ឃឹមដ៏អស្ចារ្យបំផុតសម្រាប់មនុស្សលោក ក្នុងការស្វែងរកជីវិតក្រៅពីភពផែនដីនៅក្នុងចក្រវាឡ។
៤៖ ព័ត៌មានលម្អិតផ្ទាល់ខ្លួន របស់អ្នកចុះឈ្មោះបោះឆ្នោតជិត ២០០លាននាក់ នៅសហរដ្ឋអាមេរិក ត្រូវបានលេចធ្លាយនៅលើបណ្តាញអ៊ីនធើណែត ហើយការបែកធ្លាយទិន្នន័យ ក្នុងទំហំដ៏ធំមួយនេះ ត្រូវបានរកឃើញដោយក្រុមហ៊ុនសន្តិសុខ UpGuard ដែលបានអះអាងថាទិន្នន័យទាំងនោះ បានមកពីក្រុមហ៊ុនវិភាគទិន្នន័យចំនួនបីកន្លែងដែលត្រូវបានជួល ដោយគណបក្សសាធារណរដ្ឋ៕
៥៖ យន្តហោះទម្លាក់គ្រាប់បែកដ៏ល្បីល្បាញ និងមានឥទ្ធិពលខ្លាំង B-1B ចំនួនពីរគ្រឿង ត្រូវបានកងទ័ពអាកាសអាមេរិកបញ្ជូនមកកាន់ដែនអាកាសនៃប្រទេសកូរ៉េខាងត្បូង ហើយ ដើម្បីធ្វើការហ្វឹកហ្វឺននៅក្នុងផ្នែកមួយនៃសមយុទ្ធយោធាប្រចាំឆ្នាំ ដែលតែងតែរៀបចំឡើងដោយសម្ព័ន្ធមិត្តទាំងពីរ។ សមយុទ្ធយោធាប្រចាំឆ្នាំបែបនេះ ត្រូវបានកូរ៉េខាងជើងចាត់ទុក ថាជាសកម្មភាពត្រៀមឈ្លានពានមកលើខ្លួន ហើយជាការឆ្លើយតបជារឿយៗទីក្រុងព្យុងយ៉ាង តែងតែព្រមានប្រើប្រាស់កម្លាំងយោធា និងបាញ់សាកល្បងមីស៊ីលផ្លោង៕
៦៖ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ក្មេងៗជនជាតិអាមេរិក យ៉ាងហោចណាស់ជិត ១,៣០០នាក់ស្លាប់ និង ៦,០០០នាក់រងរបួសជាមធ្យមក្នុងមួយឆ្នាំៗ ដោយសារតែអំពើហិង្សា និងការវាយប្រហារគ្នាដោយប្រើប្រាស់កាំភ្លើង។ ក្មេងៗអាមេរិក ដែលបានស្លាប់ដោយសារគ្រាប់កាំភ្លើងមានអាយុចន្លោះពី១ឆ្នាំ ទៅ១៧ឆ្នាំ ហើយបើតាមចំនួនជិត ១,៣០០នាក់ ខាងលើនេះវាមានន័យថា ក្នុងមួយថ្ងៃៗក្មេងៗយ៉ាងហោចណាស់ ៣.៥នាក់ ត្រូវបានបាញ់សម្លាប់ និង១៥.៨នាក់ បានទទួលរងរបួស និងទទួលការព្យាបាលនៅ មន្ទីរពេទ្យ។