(ប៉ារីស)៖ លោកស្រី Sylvie Goulard រដ្ឋមន្រ្តីការពារជាតិ ដែលទើបតែត្រូវបានតែងតាំងថ្មីៗនោះ និងមកពីគណបក្ស Modem ដែលបានផ្សាភ្ជាប់សម្ព័ន្ធភាព ជាមួយគណបក្សប្រធានធិបតីបារាំងរបស់ លោក Emmanuel Macron នោះ បានសម្រេចលាលែងតំណែងវិញហើយ ស្របពេលដែលការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ជុំវិញរឿងអាស្រូវដែលមានជាប់ពាក់ព័ន្ធនឹង បក្សកណ្តាលនិយមដ៏តូចមួយរបស់លោកស្រី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Finicancial Time នៅរសៀលថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។
លោកស្រី Goulard ដែលធ្លាប់ធ្វើជាសមាជិក នៃសភាសហភាពអឺរ៉ុបនោះបានឲ្យដឹងថា លោកស្រីមិនអាចបន្តស្ថិតនៅក្នុងរដ្ឋាភិបាលរបស់ លោក Macron បានទៀតនោះឡើយ ខណៈរូបលោកស្រីផ្ទាល់ អាចនឹងត្រូវគេស៊ើបអង្កេត ជុំវិញការប្រើប្រាស់ថវិកាដោយមិនត្រឹមត្រូវ កាលពីនៅបម្រើការក្នុងសភាអឺរ៉ុប។ លោកស្រី Goulard បានបន្ថែមថា វាពិតជាលំបាកខ្លាំងណាស់ សម្រាប់ឲ្យលោកស្រីនៅបន្តកាន់តំណែងនេះតទៅទៀត ដោយសារតែ លោក Macron មានគោលដៅចម្បងក្នុងបោសសម្អាតនយោបាយ ឲ្យមានភាពស្អាតស្អំ។
គួរបញ្ជាក់ថា លោកស្រី Goulard ទើបតែឡើងកាន់តំណែងជា រដ្ឋមន្រ្តីការពារជាតិបារាំងបានមួយខែប៉ុណ្ណោះ បន្ទាប់ពីលោក Macron បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីបារាំងកាលពីដើមខែឧសភាកន្លងទៅនេះ៕