(ឡូសអាន់ជែឡេស)៖ ក្មេងៗជនជាតិអាមេរិកយ៉ាងហោចណាស់ជិត ១,៣០០នាក់ស្លាប់ និង ៦,០០០នាក់រងរបួសជាមធ្យមក្នុងមួយឆ្នាំៗ ដោយសារតែអំពើហិង្សា និងការវាយប្រហារគ្នាដោយប្រើប្រាស់កាំភ្លើង។ នេះបើតាមការសិក្សា និងប្រមូលផ្តុំទិន្នន័យចុងក្រោយ និងចុះផ្សាយក្នុង Journal Pediatrics ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។
សម្រាប់ការសិក្សាខាងលើនេះ គឺក្មេងៗអាមេរិកដែលបានស្លាប់ដោយសារគ្រាប់កាំភ្លើង មានអាយុចន្លោះពី ១ឆ្នាំ ទៅ១៧ឆ្នាំ ហើយបើតាមចំនួនជិត ១,៣០០នាក់ខាងលើនេះវាមានន័យថា ក្នុងមួយថ្ងៃៗក្មេងៗយ៉ាងហោចណាស់ ៣.៥នាក់ត្រូវបានបាញ់សម្លាប់ និង ១៥.៨នាក់បានទទួលរងរបួស និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ សម្រាប់ការតួលេខពីទីភ្នាក់ងារស្ថិតិជាតិវិញ គឺក្មេងៗអាមេរិកអាយុក្រោម ១៧ឆ្នាំ យ៉ាងហោចណាស់ ៤.២ភាគរយនៅទូទាំងប្រទេសធ្លាប់រងគ្រោះ ដោយសារការបាញ់ប្រហារកាលពីឆ្នាំមុន (ឆ្នាំ២០១៦)។
គួរបញ្ជាក់ថា ក្នុងចំណោមក្មេងៗរងគ្រោះទាំងអស់ គឺ៨២ភាគរយជាក្មេងប្រុស ហើយក្មេងៗអាយុ ពី១៣ឆ្នាំ ទី១៧ឆ្នាំមានឱកាសខ្ពស់ក្នុងការទទួលរងគ្រោះដោយសារគ្រាប់កាំភ្លើង ខ្លាំងជាងក្មេងៗអាយុក្រោមនេះរហូតដល់ទៅ ១២ដងឯណោះ។ បន្ថែមពីនេះការសិក្សាបានសង្កត់ធ្ងន់ថា ក្មេងៗអាមេរិកកាត់អាហ្វ្រិក ស្ថិតនៅក្នុងចំនួនខ្ពស់ជាងគេនៃការស្លាប់ និងទទួលរងគ្រោះ ដោយសារតែការរើសអើងពូជសាសន៍ជាដើម៕