(វ៉ាស៊ីនតោន)៖ ព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នកចុះឈ្មោះបោះឆ្នោតជិត ២០០លាននាក់ នៅសហរដ្ឋអាមេរិក ត្រូវបានលេចធ្លាយនៅលើបណ្តាញអ៊ីនធើណែត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។
ការបែកធ្លាយទិន្នន័យក្នុងទំហំដ៏ធំមួយនេះ ត្រូវបានរកឃើញដោយក្រុមហ៊ុនសន្តិសុខ UpGuard ដែលបានអះអាងថា ទិន្នន័យទាំងនោះបានមកពីក្រុមហ៊ុនវិភាគទិន្នន័យចំនួនបីកន្លែង ដែលត្រូវបានជួលដោយគណបក្សសាធារណរដ្ឋ។ យោងតាមក្រុមហ៊ុន UpGuard ឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាស័យដ្ឋាន និងព័ត៌មានលម្អិតផ្សេងទៀត របស់អ្នកចុះឈ្មោះបោះឆ្នោតប្រមាណ ១៩៨លាននាក់ ត្រូវបានលេចធ្លាយជាសាធារណៈ នៅលើប្រព័ន្ធអ៊ីនធើណែត។ ដោយឡែកចំនួនសរុបនៃពលរដ្ឋអាមេរិក ដែលបានទៅចុះឈ្មោះបោះឆ្នោត មានត្រឹមតែជាង ២០០លាននាក់ប៉ុណ្ណោះ។
ទិន្នន័យទំហំ១.១តេរ៉ាបៃ (Terabyte) ត្រូវបានរកឃើញដោយក្រុមហ៊ុន UpGuard កាលពីថ្ងៃទី១២ ខែមិថុនានេះ ដោយពុំមានលេខសម្ងាត់ការពារអ្វីទាំងអស់ នៅលើបណ្តាញអ៊ីនធើណែត ប៉ុន្តែក៏ត្រូវបានធានាសុវត្ថិភាពវិញនៅពីថ្ងៃក្រោយមក ខណៈក្រុមហ៊ុន Deep Root ជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនវិភាគទិន្នន័យទាំងបីខាងលើបានបញ្ជាក់ថា ទិន្នន័យទាំងនោះបានលេចធ្លាយកាលពីថ្ងៃទី០១ ខែមិថុនា បន្ទាប់ពីការអាប់ដេតប្រព័ន្ធសុវត្ថិភាព។
គួរបញ្ជាក់ថា ទិន្នន័យលម្អិតនៃអ្នកចុះឈ្មោះបោះឆ្នោត ដែលលេចធ្លាយទាំងអស់នេះ បានស្តែងឲ្យឃើញពីទំហំនៃការខិតខំប្រឹងប្រែង របស់អង្គភាពនយោបាយនានានៅអាមេរិក ក្នុងការវិភាគក៏ដូចជាវាយតម្លៃទៅលើអាប្បកិរិយារបស់អ្នកបោះឆ្នោត ក្នុងគោលបំណងកេងចំណេងលើការព្យាករណ៍លទ្ធផល ដែលត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះ នៃការវិភាគទាំងនោះ៕