(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនិស្សិត Otto Warmbier និងទទូចឱ្យទីក្រុងព្យុងយ៉ាង ដោះលែងជនជាតិកូរ៉េខាងត្បូង និងពលរដ្ឋអាមេរិក ដែលកំពុងជាប់ឃុំនៅកូរ៉េខាងជើង ឱ្យមានសេរីភាពឡើងវិញ ខណៈគេកំពុងព្រួយបារម្ភខ្លាចក្រែងអ្នកទំាងនេះ មានជោគវាសនាដូចនិស្សិត Warmbier។ នេះបើតាមសម្តីអ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក មូន ជេអ៊ីន ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយនិស្សិតអាមេរិក Otto Warmbier មានអាយុ២២ឆ្នាំ ដែលត្រូវបានកូរ៉េខាងជើងដោះលែងឱ្យមាន សេរីភាពក្នុងស្ថានភាពជាមនុស្សរុក្ខជាតិ បន្ទាប់ពីជាប់ឃុំអស់រយៈពេលជាង១៧ខែ បានទទួលមរណៈភាពនៅឯមន្ទីរពេទ្យ Cincinnati hospital រដ្ឋ Ohio កាលពីថ្ងៃចន្ទ (ម៉ោងនៅ ក្នុងសហរដ្ឋអាមេរិក)។
ជាមួយគ្នានោះដែរ បើតាមអ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក ផាក សូយ៉ុន (Park Soo-hyun) លោក មូន ជេអ៊ីន បានទទូចឱ្យកូរ៉េខាងជើង ធ្វើការដោះលែងជនជាតិកូរ៉េខាងត្បូង និងពលរដ្ឋអាមេរិក ដែលកំពុងជាប់ឃុំនៅកូរ៉េខាងជើង ឱ្យមានសេរីភាពឡើងវិញ ក៏ប៉ុន្តែលោកក៏បានសម្ដែងការសោកស្ដាយផងដែរ ដែលទីក្រុងព្យុងយ៉ាង មិនបានគោរពសិទ្ធិមនុស្សបើទោះជាខ្លួនអះអាងថា ការដោះលែង Otto Warmbier ធ្វើឡើងផ្អែកលើគោលការណ៍មនុស្សធម៌ក៏ដោយ។
គួរបញ្ជាក់ថា បើតាមទីក្រុងសេអ៊ូល ជនជាតិកូរ៉េខាងត្បូង០៦នាក់ និងពលរដ្ឋអាមេរិកកាត់កូរ៉េ ០៣នាក់ទៀត នៅតែបន្តជាប់ឃុំនៅកូរ៉េខាងជើង ហើយអ្នកទំាងនេះក៏ដូចជានិស្សិត Otto Warmbierដែរ គឺត្រូវបានរដ្ឋអំណាចកូរ៉េខាងជើង ចោទប្រកាន់ថា ធ្វើសកម្មភាពប្រឆាំង និងចង់ផ្ដួលរំលំរដ្ឋាភិបាលលោក គីម ជុងអ៊ុន៕