(ដាម៉ាស)៖ ប្រជាជនស្លូតត្រង់យ៉ាងតិច ១២នាក់ បានបាត់បង់ជីវិតបន្ទាប់ពីយន្តហោះចម្បាំង នៃកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើគោលដៅមួយចំនួន នៅក្នុងភូមិមួយកន្លែង ស្ថិតក្បែរព្រំដែនរវាងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ នេះបើតាមការអះអាងពីសាក្សីជាច្រើននាក់ ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅរសៀលថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។
ក្រុមចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ISIS បានធ្វើប្រតិបត្តិការតាមផ្លូវអាកាសបន្តបន្ទាប់គ្នា កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ នៅក្រុង Hasakah របស់ប្រទេសស៊ីរី ហើយនៅក្នុងអំឡុងការបំពេញបេសកកម្មនោះ កងយន្តហោះចម្បាំងក៏បានវាយប្រហារចំលើភូមិមួយមានឈ្មោះថា Tel Hayr នៅជិតព្រំដែនស៊ីរី-អ៊ីរ៉ាក់ ដែលបានបណ្តាលឲ្យមនុស្សមួយគ្រួសារ មានសមាជិក ១២នាក់ស្លាប់។
គួរបញ្ជាក់ថា កងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក បានទទួលរងការចោទប្រកាន់ជាច្រើនលើកច្រើនសា ជុំវិញការទម្លាក់គ្រាប់បែកចំលើជនស៊ីវិលស្លូតត្រង់ក្នុងប្រទេសស៊ីរី ជាពិសេសនៅទីក្រុង Raqqa និង Deir ez-Zor តែម្តង ព្រោះជាតំបន់ដែលទីក្រុងវ៉ាស៊ីនតោន ធ្វើការគាំទ្រដល់ក្រុមប្រឆាំងស៊ីរី៕