(ម៉ានីល)៖ យន្ដហោះចម្បាំងហ្វីលីពីនបានទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ ទៅលើមូលដ្ឋានពួកឧទ្ទាមមានសម្ព័ន្ធភាពជាមួយពួក ISIS ខណៈកងទ័ពថ្មើរជើងកំពុងធ្វើប្រតិបត្តិការវាយលុក នៅក្នុងទីក្រុង Marawi នៅថ្ងៃអង្គារនេះ ក្នុងគោលបំណងដណ្ដើមកាន់កាប់ទីក្រុងមួយនេះទាំងស្រុង ឱ្យបានមុនចុងសប្ដាហ៍ ដែលជាថ្ងៃជនមូស្លីម ត្រូវបញ្ចប់កាតាព្វកិច្ចតមអាហារ។ នេះបើតាមអ្នកនាំពាក្យយោធាហ្វីលីពីន ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមអ្នកនាំពាក្យយោធាហ្វីលីពីន លោក Restituto Padilla ការពន្លឿនប្រតិបត្តិការយោធានេះ ធ្វើឡើងដោយសារខ្លាចក្រែងពួកឧទ្ទាម ពង្រឹងការវាយលុកឡើងវិញ បន្ទាប់ពីពួកគេបញ្ចប់កាតព្វកិច្ចតមអាហារនៅចុងសប្ដាហ៍នេះ។ មកទល់ពេលនេះ ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រយុទ្ធគ្នានៅឯទីក្រុង Marawi ឈានចូលសប្ដាហ៍ទី០៥ បានកើនដល់ ជិត៣៥០នាក់។ លោក Restituto Padilla បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងព្យាយាមវាយដណ្ដើមគ្រប់គ្រងទីក្រុង Marawi ឱ្យបានមុនចុងសប្ដាហ៍នេះ... ប៉ុន្តែយើងមិនអាច និយាយឱ្យច្បាស់បានឡើយថា យើងអាចនឹងបញ្ចប់ជម្លោះនេះទាំងស្រុង នៅពេលណានោះទេ ពីព្រោះយើងកំពុងប្រយុទ្ធពីច្រកមួយទៅច្រកមួយ ដែលសម្បូរទៅដោយអន្ទាក់គ្រោះថ្នាក់ ដល់កងទ័ពរបស់យើង»។
គួរបញ្ជាក់ថា ការវាយប្រយុទ្ធគ្នារវាងយោធាហ្វីលីពីន និងពួកឧទ្ទាមនៅភាគខាងត្បូង កើតមានឡើងនៅចំពេលដែលគេកំពុងព្រួយបារម្ភថា ពួក ISIS នៅស៊ីរី និងអ៊ីរ៉ាក់ មានបំណង ពង្រឹងនិងពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាពិសេសនៅតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន តាមរយៈការបង្កើតខ្សែបណ្ដាញរបស់ពួកគេ នៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងភាគខាងត្បូងប្រទេសថៃ៕