(កាប៊ុល)៖ កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានចំនួន ០៨នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយឆ្មក់មួយ ពីពួកជនប្រដាប់អាវុធមួយក្រុម ទៅលើមូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងស្រុក Bagram នៃខេត្ត Parwan ស្ថិតនៅចំងាយប្រមាណ ៦០គីឡូម៉ែត្រ ពីភាគខាងជើងរដ្ឋធានីកាប៊ុល។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ ដោយផ្អែកលើការបញ្ជាក់ពីអភិបាលស្រុក Bagram បានរាយការណ៍ថា «ជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណមួយក្រុម បានបើកការវាយប្រហារមកលើមូលដ្ឋានទ័ពអាកាសអាមេរិក Bagram កាលពីថ្ងៃចន្ទ បានសម្លាប់កងសន្តិសុខ០៨នាក់ និង២០នាក់ផ្សេងទៀតរងរបួស»។ ភ្លាមៗបែបនេះ ពុំទាន់មានក្រុមណាមួយចេញមុខ អះអាងទទួលខុសត្រូវនៅឡើយទេ ខណៈអាជ្ញាធរអាហ្វហ្គានីស្ថាន កំពុងដាក់ការសង្ស័យលើក្រុមឧទ្ទាមតាលីបង់។
គួរបញ្ជាក់ថា អាហ្វហ្គានីស្ថាន បានប្រឈមុខបញ្ហាអស្ថរភាពអស់រយៈពេល រាប់ទសវត្សរ៍មកហើយ ស្របពេលបច្ចុប្បន្នកងកម្លំាងអាហ្វហ្គានីស្ថាន ហាក់ដូចជាទន់ខ្សោយក្នុងការប្រយុទ្ធប្រឆាំងនឹងពួក ISIS និងតាលីបង់ បន្ទាប់ពីកងកម្លាំងបរទេសមួយភាគធំ បានដកចេញពីប្រទេសមួយនេះ ក៏ប៉ុន្តែជាសំណាងល្អ ដែលអាមេរិកកាលពីចុងសប្តាហ៍មុនបានប្រកាស នឹងបញ្ជូនទ័ព ៤,០០០នាក់មកកាន់ប្រទេសនេះ ដើម្បីបង្កើនប្រតិបត្តិការការពារសន្តិសុខ និងប្រយុទ្ធប្រឆាំងក្រុមភេរវករ៕