(អាមេរិក)៖ ក្រុមការងារនៃបេសកកម្មកែវយឺតអវកាស Kepler របស់អង្គការ NASA ទើបតែបានរកឃើញបេក្ខភាពភពថ្មីៗចំនួន ២១៩ថែមទៀត ដោយ១០ភពក្នុងចំណោមនោះ អាចក្លាយជាក្តីសង្ឃឹមដ៏អស្ចារ្យបំផុត សម្រាប់មនុស្សលោក ក្នុងការស្វែងរកជីវិតក្រៅពីភពផែនដីនៅក្នុងចក្រវាឡ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។
ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យទាំងនេះ គឺសុទ្ធតែមានទំហំប្រហាក់ប្រហែលនឹងផែនដី និងស្ថិតក្នុងតំបន់អាចទ្រទ្រង់ជីវិតបាន (Habitable ឬ Goldilocks Zone) នៃប្រព័ន្ធផ្កាយរបស់ពួកវា ជាទីដែលវត្ថុរាវដ៏សំខាន់បំផុតសម្រាប់ជីវិតដូចជាទឹក នឹងមានវត្តមាននៅក្នុងទម្រង់ដ៏សាកសមបាន។
លទ្ធផលនៃការរកឃើញថ្មីនេះរបស់កែវយឺត Kepler ត្រូវបានប្រកាសឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានថ្មីមួយនាថ្ងៃចន្ទសប្តាហ៍នេះ នៅឯមជ្ឈមណ្ឌលស្រាវស្រាវ Ames របស់ទីភ្នាក់ងារអវកាស NASA ក្នុងតំបន់ Silicon Valley នៃរដ្ឋកាលីហ្វរញ៉ា។ ដោយឡែកគិតមកទល់ពេលនេះ Kepler បានរកឃើញបេក្ខភាពភពសរុបចំនួន ៤,០៣៤ហើយ ដោយ២,៣៣៥ភពក្នុងចំណោមនោះ ត្រូវបានទទួលស្គាល់ជាផ្លូវការថា ជាភពក្រៅប្រព័ន្ធព្រះអាទិត្យ។ ម៉្យាងវិញទៀតក្នុងចំណោមភពទាំងនោះ មានភពមានទំហំប្រហាក់ប្រហែលនឹងផែនដី ហើយស្ថិតក្នុងតំបន់អាចទ្រទ្រង់ជីវិតបានសរុបចំនួន៥០ ក៏ត្រូវបានរកឃើញផងដែរ ដោយក្នុងនោះ៣០ភពត្រូវបានទទួលស្គាល់៕