(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតអាវុធដ៏ធំ និងល្បីល្បាញរបស់សហរដ្ឋអាមេរិក Lockheed Martin ទទួលបានកិច្ចសន្យាមានតម្លៃជាង ៦១លានដុល្លារ លើគំរោងបច្ចេកទេសវិស្វកម្មសម្រាប់ការអិភវឌ្ឍប្រព័ន្ធស្ទាក់ចាប់គ្រាប់មីស៊ីល AEGIS និងទីតាំងបាញ់សាកល្បង។ នេះបើតាមរបាយការណ៍ពីក្រសួងការពារជាតិអាមេរិក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។
ក្រសួងការពារជាតិអាមេរិក នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយបានឱ្យដឹងថា «ក្រុមហ៊ុន Lockheed Martin ទទួលបានកិច្ចសន្យា ៦១,២៧១,៨៣៧ ដុល្លារ ក្រោមក្របខណ្ឌនៃគំរោងបច្ចេកទេសវិស្វកម្ម ការគ្រប់គ្រងលើការកំណត់រចនាសម្ព័ន្ធ ការផ្គត់ផ្គង់បរិក្ខា ការធានាគុណភាព និងការផ្ដល់ព័ត៌មាន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងដទៃៗទៀត ពាក់ព័ន្ធនឹងការអភិវឌ្ឍ AEGIS និងទីតាំងបាញ់សាកល្បង»។
គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអាមេរិក គំរោងខាងលើនេះនឹងត្រូវអនុវត្តន៍សម្រាប់ ទីតាំងអភិវឌ្ឍន៍ប្រព័ន្ធវិស្វកម្មប្រយុទ្ធ, ទីតាំងបាញ់សាកល្បង SPY-1A Test Facility និងមជ្ឈមណ្ឌលប្រព័ន្ធកុំព្យុទ័រនាវាចម្បាំង។ សហរដ្ឋអាមេរិក បាននិងកំពុងព្យាយាមអភិវឌ្ឍន៍យ៉ាងខ្លាំងនូវប្រព័ន្ធបាញ់ និងស្ទាក់ចាប់មីស៊ីល ខណៈដែលប្រទេសកូរ៉េខាងជើង នៅតែបង្ហាញភាពគគ្លើន និងអភិវឌ្ឍន៍មីស៊ីលផ្លោងរបស់ខ្លួនកាន់តែខ្លាំងឡើងជាលំដាប់៕