(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី​បានព្រមាន​សហរដ្ឋអាមេរិក ក៏ដូចជាបង្ហាញ​ពីបំណងចង់តម្រង់​ក្បាលគ្រាប់មីស៊ីល ឆ្ពោះទៅរកយន្ដហោះ​ចម្បាំងរបស់​ក្រុមចំរុះអន្តរជាតិ ដែលហោះ​ហើរនៅលើ​ប្រទេសស៊ីរី ព្រមទំាងផ្អាក​ខែ្សទូរស័ព្ទទំនាក់ទំនងយោធា​ ជាមួយទីក្រុងវ៉ាស៊ីនតោន​ទៀតផង បន្ទាប់ពីយន្ដហោះ​ចម្បាំងស៊ីរីមួយគ្រឿង​ ត្រូវបានបាញ់​ទម្លាក់កាលពី​ថ្ងៃអាទិត្យ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមសេចក្ដី​ថ្លែងការណ៍​របស់ខ្លួន ក្រសួងការពារជាតិ​រុស្ស៊ី​បានបញ្ជាក់​យ៉ាងដូច្នេះថា «យន្ដហោះ​ចម្បាំង និងយន្ដហោះ​គ្មានមនុស្សបើក​របស់ក្រុមចំរុះ​អាមេរិក ត្រូវបានចាត់ទុកជា គោលដៅ​របស់ប្រព័ន្ធការពារ​ដែនអាកាស និងគ្រប់មធ្យោបាយ​ការពារដែនអាកាស​រុស្ស៊ីទំាងអស់​នៅស៊ីរី»។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក សហរដ្ឋអាមេរិក​បានអះអាងថា​ ខ្លួននឹងបង្កើត​ខែ្សទូរស័ព្ទសម្រាប់ធ្វើទំនាក់ទំនងយោធាឡើងវិញជាមួយរុស្ស៊ី ដែលបានដំណើរការ​អស់រយៈពេលជាង ០៨ខែមកនេះ ដើម្បីទប់ស្កាត់​ឧប្បដិហេតុយោធា​ណាមួយ​ កើតឡើងរវាង​ប្រទេសទាំង​ពីរ។

គួរបញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ​កងកម្លាំងរដ្ឋាភិបាល​ស៊ីរី​បានប្រកាសថា​ ក្រុមចំរុះអន្តរជាតិ ដឹកនាំដោយ​សហរដ្ឋអាមេរិក បានបាញ់ទម្លាក់យន្ដហោះ​ចម្បាំងមួយ​គ្រឿងរបស់ខ្លួន ដែលកំពុងដឹកនាំ​ប្រតិបត្តិការ​កម្ទេចពួក ISIS នៅក្នុង​ខេត្ត Raqqa ​ហើយព្រមពេល​ជាមួយគ្នា ទីក្រុងវ៉ាស៊ីនតោន ក៏បានទទួលស្គាល់​ព័ត៌មាននេះដែរ ដោយអះអាង​ថា វាគឺជាការ​ឆ្លើយតបទៅនឹង​ការវាយប្រហារ​របស់យន្ដហោះចម្បំាង​រដ្ឋាភិបាលស៊ីរី ទៅលើកងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ដែលមានសហរដ្ឋអាមេរិក​ជាខ្នងបង្អែក។

ទោះបីជាយ៉ាងណាក៏ដោយ ការបាញ់​ទម្លាក់យន្ដហោះ​ស៊ីរីនេះ កើតឡើង​នៅចំថ្ងៃតែមួយ​ដែលអ៊ីរ៉ង់​ បាញ់មីស៊ីលជាច្រើនគ្រាប់​ស្រោចលើមូលដ្ឋាន​ក្រុម ISIS នៅលើទឹកដី​ស៊ីរី ដូច្នេះហើយ​ទើបធ្វើឱ្យក្រុមអ្នក​ជំនាញមួយ​ចំនួនគិតថា ទីក្រុងវ៉ាស៊ីនតោន «ចង់សម្លាប់មាន់ គំរាមស្វា» ពោលបើនិយាយឱ្យចំ សហរដ្ឋអាមេរិក ចង់យក​ការបាញ់ទម្លាក់យន្ដហោះ​ចម្បាំងនេះ ព្រមានអ៊ីរ៉ង់​ឱ្យប្រយ័ត្ន​ចំពោះការធ្វើ ប្រតិបត្តិការ​យោធានៅក្នុង​ប្រទេសស៊ីរី៕