(ប៉េកាំង)៖ អ្នកដំណើរយ៉ាងហោចណាស់ ២៦នាក់រងរបួស ក្នុងនោះ០៤នាក់មានស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីអាកាសចរណ៍ភាគខាងកើតចិន បានជួបភាពកោលាហល (ជួបនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្លាលើអាកាស) នៅពេលធ្វើដំណើរពីទីក្រុងប៉ារីសប្រទេសបារាំង មកកាន់ទីក្រុងគុនមីង នៃខេត្តយុនណានប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។
អ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យរួចរាល់ទៅហើយ ក្រោយហេតុការណ៍បានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យសប្តាហ៍ ប៉ុន្តែព័ត៌មានលម្អិតទើបតែត្រូវបានផ្នែកគ្រប់គ្រងអាកាសយានដ្ឋាន អន្តរជាតិ Kunming Changshui បញ្ចេញជាសាធារណៈនៅព្រឹកថ្ងៃអង្គារនេះប៉ុណ្ណោះ។ យន្តហោះដែលបានជួបគ្រោះថ្នាក់ខាងលើនេះ មានឈ្មោះសម្គាល់ light MU774 ប៉ុន្តែគេមិនបានបញ្ជាក់ថា នៅពេលជួបគ្រោះថ្នាក់នោះតើនៅលើយន្តហោះមានមនុស្សសរុបប៉ុន្មាននាក់នោះឡើយ។
អ្នកដំណើរម្នាក់ឈ្មោះ Zhang ដែលទទួលរងរបួសក្នុងហេតុការណ៍ខាងលើនេះបានអះអាងថា «យើងបានរងការប៉ះទង្គិចខ្លាំងៗពីរដង និងជាមធ្យមចំនួនបីដងថែមទៀត។ ភាពកោលាហលបានកើតមានឡើងអំឡុងពេល ១០នាទី»។ អ្នកដំណើរភាគច្រើនដែលទទួលរងរបួសគឺដោយសារតែពួកគេរបូតពីកៅអីអង្គុយ និងត្រូវបានសម្ភារៈផ្ទាល់ខ្លួននានា ធ្លាក់ត្រូវនៅពេលយន្តហោះរង្គោះរង្គើខ្លាំងនោះ។ អ្នកដំណើរខាងលើនេះក៏បាននិយាយទាំងក្តីរំភើបផងដែរថា យើងពិតជារកពាក្យអ្វីថ្លែងពុំបាន នៅពេលយន្តហោះអាចចុះចតដោយសុវត្ថិភាព ហើយវាពិតជារឿងដ៏សំណាងណាស់ ដែលយន្តហោះមិនធ្លាក់៕