(ម៉ាឌ្រីដ)៖ កំពូលតារាបាល់ទាត់ Cristiano Ronaldo ធ្លាប់ប្រលយពាក្យថា «នឹងចាកចេញពីក្លឹប Real Madrid របស់អេស្ប៉ាញនៅថ្ងៃណាមួយ ដោយសារតែឈឺក្បាលនឹងបញ្ហាបង់ពន្ធនៃប្រទេសនេះខ្លាំងពេក» ក្រោយព្រះរាជអាជ្ញា បានធ្វើការចោទប្រកាន់រូបគេ ថាបានគេចពន្ធនាពេលកន្លងមក។
សារព័ត៌មាន BBC បានដកស្រង់សំដីរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្រោយប្រកួតឈ្នះម្ចាស់ផ្ទះឡាវី (Latvia) ៣-០ ក្នុងវគ្គជម្រុះ World Cup 2018 កាលពីសប្តាហ៍មុនថា កីឡាករវ័យ៣២ឆ្នាំ Ronaldo មានបំណងចាក ចេញពីទឹកដីអេស្ប៉ាញ ដោយសារតែមិនចង់ឈឺក្បាលរឿងបញ្ហាពន្ធតទៅទៀត ខណៈដែលរូបគេមិនដែលគេចពន្ធម្តង ណានោះទេ ឆ្លើយទៅនឹងព្រះរាជអាជ្ញាដែលបានចោទប្រកាន់អតីតកីឡាករក្លឹប Manchester United លួចបន្លំពន្ធមាន រហូតដល់ទៅ ១៦.៥លានដុល្លារឯណោះ ចាប់តាំងពីឆ្នាំ២០១០មក។
Ronaldo បានលើកឡើងថា «ខ្ញុំមិនសប្បាយចិត្តសោះ នៅពេលលឺព័ត៌មានថា ខ្ញុំគេចវេសមិនបង់ពន្ធ ហើយការចាកចេញពីទីនេះ ជាជម្រើសតែមួយគត់»។
ក្រោយពីទទួលបានដំណឹងនេះភ្លាម ក្លឹបអ្នកមានប្រចាំប្រទេសបារាំង Paris Saint-Germain និងក្លឹបបិសាចក្រហម Manchester United របស់អង់គ្លេស បង្ហាញពីចំណាប់អារម្មណ៍ និងរៀបចំកញ្ចប់ថវិកាដ៏ច្រើនលើសលប់ ដើម្បីទិញ Ronaldo និងបង់ប្រាក់ផ្តាច់កិច្ចសន្យានៅ Real Madrid ដែលមានរហូតដល់ឆ្នាំ២០២២ ថែមទៀតផង។
តែយ៉ាងណាក៏ដោយ លោក Florentino Perez ដែលត្រូវបានបោះឆ្នោតជាប់ជាប្រធានក្លឹប Real Madrid ក្នុងអាណត្តិ ថ្មីកាលពីថ្ងៃចន្ទម្សិលមិញបានលើកឡើងថា រូបលោកមិនទាន់បានជួបពិភាក្សាបញ្ហារឿងនេះជាមួយ Ronaldo នៅឡើយទេ គិតចាប់តាំងពីពេលក្លឹបស្តេចស Real Madrid ឈ្នះជើងឯក UEFA Champions League នៅទីក្រុង Cardiff កាលពីចុងខែមុន។
លោក Perez លើកឡើងថា «ខ្ញុំមិនទាន់បាននិយាយអ្វីជាមួយ Ronaldo ទេ តែខ្ញុំសង្ឃឹមថា ខ្សែប្រយុទ្ធរូបនេះមិនទៅណាពី Real Madrid ឡើយ ហើយក៏គ្មានក្លឹបណាហ៊ានទិញរូបគេ ក្នុងតម្លៃកប់ពពក ក្រៅពី Real Madrid ដែរ»៕