(សេអ៊ូល)៖ យន្តហោះទម្លាក់គ្រាប់បែកដ៏ល្បីល្បាញ និងមានឥទ្ធិពលខ្លាំង B-1B ចំនួនពីរគ្រឿង ត្រូវបានកងទ័ពអាកាសអាមេរិក បញ្ជូនមកកាន់ដែនអាកាសនៃប្រទេសកូរ៉េខាងត្បូងហើយ ដើម្បីធ្វើការហ្វឹកហ្វឺននៅក្នុងផ្នែកមួយនៃសមយុទ្ធយោធាប្រចាំឆ្នាំ ដែលតែងតែរៀបចំឡើងដោយសម្ព័ន្ធមិត្តទាំងពីរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានយុនហាប់ នាព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។
កងទ័ពអាកាសកូរ៉េខាងត្បូង បានបញ្ជាក់ប្រាប់អ្នករាយការណ៍ព័ត៌មាននានាក្នុងទីក្រុងសេអ៊ូលថា «កងទ័ពអាកាសរបស់យើង មានគំរោងក្នុងការចូលរួមធ្វើសមយុទ្ធ ជាមួយយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1Bs នៅក្នុងដែនអាកាសនៃឧបទ្វីបកូរ៉េក្នុងថ្ងៃនេះតែម្តង»។ យន្តហោះ B-1B ទាំងពីរគ្រឿង នឹងធ្វើការហោះហើរលើដែនអាកាសនៃប្រទេសកូរ៉េខាងត្បូង រយៈពេលជាច្រើនម៉ោង ដោយនឹងមានការអមដំណើរពីសំណាក់យន្តហោះចម្បាំង F-15k ថែមទៀតផង។
គួរបញ្ជាក់ថា ការសម្រេចបញ្ជូនយន្តហោះដ៏មានឥទ្ធិពល B-1B មកកាន់ឧបទ្វីបកូរ៉េនេះ គឺបានកើតមានឡើងភ្លាមៗបន្ទាប់ពី និស្សិតជនជាតិអាមេរិក ដែលត្រូវបានកូរ៉េខាងជើងដោះលែង ក្រោយជាប់ឃុំនៅក្នុងគុកអស់រយៈពេល ១៧ខែនោះ បានទទួលមរណៈភាព។ Otto Warmbier ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួនកាលពីឆ្នាំ២០១៦ និងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ១៥ឆ្នាំ ពីបទដែលទីក្រុងព្យុងយ៉ាងចោទថា និស្សិតវ័យក្មេងរូបនេះមានចេតនា ផ្ដួលរំលំរដ្ឋាភិបាលលោក គីម ជុងអ៊ុន ខណៈមកទល់នឹងពេលនេះ នៅសល់ពលរដ្ឋអាមេរិក០៣នាក់ផ្សេងទៀត កំពុងជាប់ឃុំនៅកូរ៉េខាងជើង៕