(វ៉ាស៊ីនតោន)៖ និស្សិតអាមេរិក Otto Warmbier ដែលត្រូវបានកូរ៉េខាងជើងដោះលែងឱ្យមានសេរីភាព ក្នុងស្ថានភាពជាមនុស្សរុក្ខជាតិ បន្ទាប់ពីបានជាប់ឃុំអស់រយៈពេលជាង១៧ខែ បានទទួលមរណភាពហើយ កាលពីថ្ងៃចន្ទ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក)។ នេះបើតាមក្រុមគ្រួសារ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមគ្រួសារបស់និស្សិតរូបនេះ បានបញ្ជាក់ដូច្នេះថា វារឿងជាអកុសល ដោយសារតែគ្មានការព្យាបាលត្រឹមត្រូវ និងទទួលរងនូវអំពើសាហាវ ឃោឃៅនៅកូរ៉េខាងជើង កូនប្រុសជាទីស្រឡាញ់របស់យើង បានទទួលមរណៈភាពហើយនៅម៉ោង ២៖២០នាទីរសៀលថ្ងៃចន្ទ (ម៉ោងនៅសហរដ្ឋអាមេរិក)។ និស្សិតអាមេរិក Otto Warmbier មានអាយុ ២២ឆ្នាំ បានត្រឡប់ទៅដល់ទីក្រុង Cincinnati នៃរដ្ឋ Ohio កាលពីថ្ងៃទី១៣ ខែមិថុនា ដោយរូបគេស្ថិតនៅក្នុងស្ថានភាពសន្លប់ស្ដូកស្ដឹងមិនដឹងខ្លួន រីឯខាង កូរ៉េខាងជើងបានអះអាងថា និស្សិតរូបនេះមានជំងឺផ្នែកប្រព័ន្ធប្រសាទ Botulism ហើយការដោះលែងនេះទៀតសោត ធ្វើឡើងផ្អែកលើគោលការណ៍មនុស្សធម៌។ ទោះបីជាយ៉ាងណា គ្រូពេទ្យអាមេរិកពុំទាន់អាចទាន់បញ្ជាក់ឱ្យបានច្បាស់ នៃមូលហេតុជំងឺនេះនៅឡើយទេ។
គួររំលឹកថា Otto Warmbier ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួនកាលពីឆ្នាំ២០១៦ និងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ១៥ឆ្នាំ ពីបទដែលទីក្រុងព្យុងយ៉ាងចោទថា និស្សិតវ័យក្មេងរូបនេះមានចេតនា ផ្ដួលរំលំរដ្ឋាភិបាលលោក គីម ជុងអ៊ុន ខណៈមកទល់នឹងពេលនេះ នៅសល់ពលរដ្ឋអាមេរិក០៣នាក់ផ្សេងទៀត កំពុងជាប់ឃុំនៅកូរ៉េខាងជើង៕