(ប៉ារីស)៖ ជនសង្ស័យម្នាក់បានបើករថយន្តមួយគ្រឿងដែលមានផ្ទុកសារធាតុផ្ទុះ សំដៅ​ទៅ​បុក​ក្បួន​រថយន្ត​របស់​កម្លាំង​ប៉ូលិស​ នៅ​លើ​ដង​វិថី Champs-Elysees ក្នុងទីក្រុងប៉ារីស ប៉ុន្តែពុំមានឲ្យមានគ្រោះថ្នាក់ដល់សមត្ថកិច្ចនោះឡើយ ហើយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃប្រទេស​​បារាំង​បាន​បញ្ជាក់​ថា ជនដៃដល់រូបនោះ បានបាត់បង់ជីវិតហើយ បន្ទាប់ពីបានព្យាយាមវាយប្រហារទៅលើកម្លាំងសន្តិសុខ។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន ABC News នៅយប់ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។

រដ្ឋមន្រ្តីមហាផ្ទៃបារាំងលោក Gerard Collomb បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្បែរកន្លែងកើតហេតុ ដែលស្ថិតនៅចម្ងាយមិន​ឆ្ងាយ​ប៉ុន្មានពីវិមានប្រធានាធិបតីបារាំង Elysees និងស្ថានទូតសហរដ្ឋអាមេរិកនោះឡើយថា គោលបំណងនៅពីក្រោយសកម្មភាពវាយប្រហារ​របស់បុរសជាជនដៃដល់នេះ ពុំទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ខណៈការស៊ើបអង្កេតក៏ត្រូវបានធ្វើឡើងផងដែរ ប៉ុន្តែអាជ្ញាធរដឹងថា​បុរសវ័យ៣១ឆ្នាំរូបនេះ មានឈ្មោះនៅក្នុងបញ្ជីនៃបុគ្គលដែលអាចមានជាប់ពាក់ព័ន្ធនឹងក្រុមជ្រុលនិយម។

នេះគឺជាការប៉ុនប៉ងវាយប្រហារលើកទីពីរហើយ នៅលើដងវិថីដ៏ល្បីប្រចាំទីក្រុងប៉ារីសនេះ ដែលសម្បូរទៅដោយភ្ញៀវទេសចរ​ធ្វើ​ដំណើរ​ទស្សនា​កម្សាន្ត នៅក្នុងឆ្នាំ២០១៧នេះ ដោយកាលពីខែមេសាកន្លងទៅ បុរសម្នាក់បានបាញ់ស្លាប់មន្រ្តីប៉ូលិសមួយរូប នៅលើដង​វិថី Champs-Elysees៕