(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប៉ូលិសអង់គ្លេស បានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍រថយន្តមួយគ្រឿងបុករះអ្នកដំណើរ នៅតាមចិញ្ចើមមួយក្នុងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស នៅវេលាម៉ោង ១២៖២០នាទី រំលងអធ្រាតឈានចូលថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ ខណៈមនុស្សរបួស ០៣នាក់ មានស្ថានភាព របួសធ្ងន់ធ្ងរ រីឯបុរសម្នាក់ត្រូវបានចាប់ខ្លួន៕
២៖ ក្រុមអ្នកជំនាញនេប៉ាល់ នឹងត្រូវប្រើពេលពីរឆ្នាំ ដើម្បីវាស់កម្ពស់របស់ភ្នំ Everest ឡើងវិញ បន្ទាប់ពីគ្រោះរញ្ចួយដីកាលពីឆ្នាំ២០១៥ បានធ្វើឱ្យគេព្រួយបារម្ភថាកម្ពស់នៃភ្នំដ៏ ខ្ពស់ជាងគេនៅលើពិភពលោកមួយនេះ អាចស្រុតចុះជាងមុន។ រដ្ឋាភិបាលនេប៉ាល់ នឹងដឹកនាំការវាស់កម្ពស់នេះដោយខ្លួនឯង ដោយនឹងត្រូវចំណាយប្រាក់ជាង ១៩.៤លានដុល្លារ ប៉ុន្តែបើតាមសារព័ត៌មាន The Kathmandu Post គំរោងនេះអាចនឹងត្រូវចំណាយប្រាក់ដល់ទៅ ១៣៦លានដុល្លារ ឯណោះ៕
៣៖ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកក្នុងខេត្តប៉ាតានី ភាគខាងត្បូងប្រទេសថៃ នាវេលាម៉ោង ១១៖៤៥នាទីថ្ងៃត្រង់ ថ្ងៃចន្ទ ទី១៩ ខែមិថុនា បានបណ្តាលឲ្យទាហានថៃសរុប ០៥នាក់ស្លាប់ និង០៤នាក់ផ្សេងទៀតរងរបួស។ ប៉ុន្តែភ្លាមៗពុំទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវនៅឡើយទេ៕
៤៖ កាសែត Washington Post របស់អាមេរិក បានចេញផ្សាយថា ក្រសួងការពារជាតិអាមេរិក បានប្រកាសអំពីការបាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរីមួយគ្រឿងដោយយន្តហោះ ចម្បាំងរបស់អាមេរិក នៅក្បែរទីក្រុង Raqqah ដែលជាទីដ៏ធំមួយរបស់បណ្តាញភេរវករ ISIS ឈរជើងក្នុងទឹកដីប្រទេសស៊ីរី។ ប៉ុន្តែអ្វីគួរឱ្យកត់សម្គាល់នោះគឺការបាញ់ទម្លាក់យន្ដ ហោះស៊ីរីនេះ កើតឡើងនៅថ្ងៃអាទិត្យ ចំថ្ងៃតែមួយដែលអ៊ីរ៉ង់ បាញ់ស្រោចមីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានក្រុមភេរវករនៅស៊ីរី៕
៥៖ គណបក្សរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសភាជុំទី០២ កាលពីថ្ងៃអាទិត្យ ដោយទទួលបាន សំឡេងគំាទ្រច្រើនជាង ៣០០អសនៈ ក៏ប៉ុន្តែចំនួនអ្នកបោះឆ្នោតបែរជាមានការធ្លាក់ចុះទៅវិញ៕