(ឡុងដ៍)៖ មនុស្ស០៥នាក់ ដែលបានបាត់ខ្លួនក្រោយគ្រោះអគ្គិភ័យដ៏មហាប្រល័យ ឆាបឆេះអាគារខុនដូ Grenfell Tower ក្រោយមកត្រូវបានគេរកឃើញថា នៅរស់រាន្តមានជីវិត និងមានសុខភាពល្អនោះទេ។ ប៉ុន្តែទន្ទឹមគ្នានោះដែរប៉ូលិសអង់គ្លេសបានអះអាងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៧៩នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក Stuart Cundy មេបញ្ជាការប៉ូលិសប្រចាំទីក្រុងឡុងដ៍បានបញ្ជាក់យ៉ាងដូច្នេះថា «គ្រោះអគ្គីភ័យឆាបឆេះអគារស្នាក់នៅ Grenfell Tower បានផ្ដាច់យកអាយុជីវិតមនុស្ស ៧៩នាក់»។ ប៉ុន្តែលោក Cundy បានបន្ថែមថា តួលេខនេះអាចនឹងផ្លាស់ប្តូរនាពេលខាងមុខទៀត ខណៈក្រុមសង្គ្រោះនៅតែបន្តរុករកក្នុងខ្មោចអគារនោះដដែល ដើម្បីស្វែងរកមនុស្សដែលកំពុងបាត់ខ្លួន។
គួររំលឹកថា អគារខាងលើឈ្មោះថា Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិចទីក្រុងឡុងដ៍ ត្រូវបានគេរាយការណ៍ថា បានទទួលរងការឆាបឆេះកាលពី វេលាម៉ោង ១៖១៦នាទីយប់ថ្ងៃពុធសប្តាហ៍មុន (ម៉ោងក្នុងតំបន់) ចាប់តាំងពីជាន់ទីពីរ រហូតដល់ជាន់លើបំផុត ហើយក្រុមពន្លត់អគ្គីភ័យដល់ទៅជាង ២០០នាក់ បានចូលរួមពន្លត់គ្រោះអគ្គីភ័យដ៏ធំសម្បើមនេះ។ មនុស្សរាប់រយនាក់ រួមមានទាំងកុមារ និងជនចាស់ជរា ត្រូវគេជឿជាក់ថា បានស្ថិតក្នុងលំនៅឋានប្រមាណជា ១២០ខ្នង ដែលនៅក្នុងអគារកម្ពស់ ២៤ជាន់នោះនៅពេលដែលអគ្គីភ័យបានកើតឡើង។ ចំណែកឯ អភិបាលទីក្រុងឡុងដ៍បានទទួលស្គាល់ថា មូលហេតុនៃអគ្គិភ័យនេះបណ្ដាលមកពីកំហុស និងការធ្វេសប្រហែស៕