(ម៉ូស្គូ)៖ ខណៈសង្គ្រាមប្រយុទ្ធប្រឆាំងនឹងបណ្តាញក្រុម ISIS នៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅតែបន្តក្តៅគគុក និងមិនដឹងថា ពេលណាទើបអាចទទួលបានជ័យជម្នះនោះ អគ្គរដ្ឋទូតហ្វីលីពីនប្រចាំទីក្រុងម៉ូស្គូប្រទេសរុស្ស៊ីបានលើកឡើងថា រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ កំពុងតែសម្លឹងរកទិញសព្វាវុធទំនើបៗផលិតដោយប្រទេសរុស្ស៊ីដូចជា ឧទ្ធម្ភាគចក្រ និងអាវុធឆ្លាតវៃជាដើម។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។
អគ្គរដ្ឋទូតឈ្មោះ Carlos Sorreta បានរៀបរាប់ថា «រដ្ឋាភិបាលម៉ានីល កំពុងតែសម្លឹងមើលចំពោះសព្វាវុធណា ដែលទាហានងាយស្រួលយកតាមខ្លួន។ យើងក៏កំពុងសម្លឹងរកទិញឧទ្ធម្ភាគចក្រប្រយុទ្ធផងដែរ បើអាចទៅរួចរួមជាមួយនឹងអាវុធឆ្លាតវៃ»។ បន្ថែមពីនេះ រដ្ឋាភិបាលហ្វីលីពីនចង់ធ្វើការបញ្ជាទិញអាវុធពីរុស្ស៊ីដោយផ្ទាល់ និងទាញយកប្រយោជន៍ពីប្រាក់កម្ចី ដើម្បីទិញអាវុធបន្ថែមជាបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនបានរំពឹងនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងទិញអាវុធពីរុស្ស៊ីនៅចុងឆ្នាំ២០១៧ខាងមុខនេះ ពីព្រោះទីក្រុងម៉ានីលកាលពីពេលថ្មីនេះ មានការចាប់អារម្មណ៍ខ្លាំង ចំពោះអាវុធផលិតដោយរុស្ស៊ី ដើម្បីយកទៅបង្ក្រាបក្រុមប៉ះបោរ៕