(ម៉ានីល)៖ រយៈពេលជិតបួនសប្ដាហ៍ គិតចាប់តាំងពីរដ្ឋាភិបាលហ្វីលីពីនបើកយុទ្ធនាការកម្ទេចពួកឧទ្ទាម មានសម្ព័ន្ធភាពជាមួយពួក ISIS នៅក្នុងទីក្រុង Marawi នៃភាគខាងត្បូង ប្រទេសហ្វីលីពីនមក មនុស្សមួយចំនួនធំដែលបានគេចចេញពីជម្លោះមួយនេះ បានចាប់ផ្ដើមបាត់បង់ជីវិតជាបណ្ដើរៗ នៅក្នុងមណ្ឌលជនភៀសខ្លួនជាច្រើន ដែលពោរពេញទៅដោយមនុស្សម្នាណែនណាន់តាន់តាប់ និងកង្វះអនាម័យ។ នេះបើតាមសម្តីមន្ត្រីសុខាភិបាលហ្វីលីពីន ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។
មន្ត្រីសុខាភិបាលខាងលើបានឱ្យដឹងទៀតថា មនុស្សយ៉ាងហោចណាស់ ១៩នាក់ បានស្លាប់នៅតាមមណ្ឌលជនភៀសខ្លួន គិតចាប់តាំងពីជម្លោះរវាងកងកម្លាំងសន្តិសុខហ្វីលីពីន និង ពួកឧទ្ទាមផ្ទុះឡើងនៅក្នុងទីក្រុង Marawi ហើយជនរងគ្រោះទំាងនេះ មួយចំនួនគឺជាមនុស្សមានវ័យចំណាស់ ខណៈអ្នកផ្សេងទៀតស្លាប់ដោយសារតែជំងឺរាគរូស។ សម្រាប់ជំងឺរាគរូសនេះត្រូវបានគេរាយការណ៍ថា មានចំនួន ៣០០ករណីឯណោះ កើតឡើងនៅក្នុងចំណោមជនភៀសខ្លួនជិត ៤០,០០០នាក់ កំពុងស្នាក់នៅតាមមណ្ឌលបណ្ដោះអាសន្ន សម្រាប់ជនភៀសខ្លួន ហើយបើតាមមន្ត្រីសុខាភិបាលរូបនេះដដែល ករណីជំងឺរាគមានការកើនឡើងគួរឱ្យព្រួយបារម្ភ ដោយសារតែបញ្ហាកង្វះអនាម័យ និងទឹកស្អាតប្រើប្រាស់។
គួរបញ្ជាក់ថា បើតាមយោធាហ្វីលីពីន នៅក្នុងការវាយប្រយុទ្ធគ្នាអស់រយៈពេលជាងបួនសប្ដាហ៍មុនេះ មនុស្ស៣៥០នាក់ បានស្លាប់ក្នុងនោះមាន២៥៧នាក់ ជាសមាជិកពួកឧទ្ទាម, យោធា៦២នាក់ និងជនស៊ីវិល ២៦នាក់ រីឯមនុស្សរាប់ពាន់ផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងបន្តរត់ភៀសខ្លួនចេញពីទីក្រុង Marawi ដោយសារតែពួកគេមិនទាន់ដឹងថា សង្គ្រាមនឹងត្រូវអូសបន្លាយដល់ពេលណានោះឡើយ៕