(បរទេស)៖ អង្គការ NASA នឹងប្រកាសអំពីរបកគំហើញនៃភពថ្មីៗ នៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលសម្រេចបានដោយកែវយឺតអវកាស Kepler Space Telescope នាព្រឹកថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក)។ នេះបើតាមការចេញផ្សាយដោយវែបសាយ Space.com នៅរសៀលថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។
កែវយឺតអវកាស Kepler បានចាប់ផ្តើមបេសកកម្មតាមរុករកភព ដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យ ចាប់តាំងពីវាត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០០៩មកម្ល៉េះ ហើយភពថ្មីៗដែល Kepler បានរកឃើញ ជារឿយៗត្រូវបានដាក់ឲ្យស្ថិតនៅក្នុងបញ្ជី ត្រឹមជាបេក្ខភាពសិនប៉ុណ្ណោះ ដោយសារតែវាអាចទាមទារពេលវេលាយូរ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា ពួកវាពិតជានៅទីនោះមែន ឬទេ។
កែវយឺតអវកាស Kepler ធ្វើការស្វែងរកភព តាមរយៈការអង្កេតមើលបណ្តុំផ្កាយក្នុងរយៈពេលមួយ ដោយប្រើប្រាស់វិធីសាស្រ្តមួយមានឈ្មោះថា Transit Method។ បើសិនជាពន្លឺរបស់ផ្កាយនោះមានការប្រែប្រួល ដោយការថយចុះពន្លឺនោះ វាអាចទៅរួចដែលថា ភពមួយបានធ្វើគោចរឆ្លងកាត់ពីមុខវា។ ម៉្យាងវិញទៀតភស្តុតាង សម្រាប់គាំទ្ររបកគំហើញនៃភពក្រៅប្រព័ន្ធព្រះអាទិត្យ ត្រូវបានចាត់ទុកថា កាន់តែមានភាពរឹងមាំ បើសិនជាពន្លឺនោះប្រែប្រួលលើសពីមួយលើក នៅក្នុងកាលបរិច្ឆេទដែលកំណត់មួយ ព្រោះវាបង្ហាញថា ពិតជាមានអ្វីម៉្យាងស្ថិតនៅក្នុងគន្លងជុំវិញផ្កាយមួយនោះ។
គួរបញ្ជាក់ថា Kepler គឺជាកែវយឺតអវកាសដំបូងគេ ដែលមានសមត្ថភាពមើលឃើញភពទំហំប៉ុនផែនដី នៅជុំវិញប្រព័ន្ធផ្កាយដទៃទៀត ក្នុងតំបន់ Habitable Zone ដែលជាតំបន់ស្ថិតនៅចម្ងាយពីផ្កាយមួយ ដែលអាចឲ្យទឹកមានវត្តមានបាន ដោយមិនកកឬមួយក៏ពុះក្លាយជារំហួតបាត់ភ្លាមៗនោះឡើយ។ យោងតាមទីភ្នាក់ងារអវកាស NASA មកទល់ពេលនេះ Kepler បានរកឃើញបេក្ខភាពភពក្រៅប្រព័ន្ធអាទិត្យចំនួន ៤,៤៩៦ភពហើយ ដោយក្នុងចំណោមនោះប្រមាណ ២,៣៣៥ភពត្រូវបានទទួលស្គាល់ និងភពចំនួន ២១មានទំហំប៉ុនផែនដី ដែលស្ថិតក្នុងតំបន់អាចទ្រទ្រង់ជីវិតបាន ហៅថា Habitable Zone៕