(ឡុងដ៍)៖ ប៉ូលិសអង់គ្លេសបានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍រថយន្តមួយគ្រឿងបុករះអ្នកដំណើរ នៅតាមចិញ្ចើមមួយក្នុងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស នៅវេលាម៉ោង ១២៖២០នាទីរំលងអធ្រាតឈានចូលថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ ខណៈមនុស្សរបួស ០៣នាក់ មានស្ថានភាពរបួសធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះបន្តិច នារសៀលថ្ងៃចន្ទនេះតែម្តង។
ហេតុការណ៍ដែលប៉ូលិសអង់គ្លេសមិនទាន់អាចសន្មត់ថា ជាអំពើភេរវកម្ម ឬឧប្បដិហេតុនេះ បានកើតមានឡើងនៅតាមដងវិថីឈ្មោះ Seven Sister ស្ថិតនៅក្បែរឧទ្យាន Finsbury Park ភាគខាងជើងទីក្រុងឡុងដ៍។ ប៉ូលិសអង់គ្លេសបានឲ្យដឹងថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ។ ជុំវិញបញ្ហានេះ ក្រុមប្រឹក្សាម៉ូស្លីមនៃចក្រភពអង់គ្លេស ( MCB) បានបង្ហោះសារក្នុងបណ្តាញ Twitter របស់ខ្លួនថា រថយន្តមួយគ្រឿងខាងលើនេះ បានជ្រុលទៅបុករះអ្នកដំណើរ ដែលពួកគេកំពុងចាកចេញពីព្រះវិហារ Finsbury បន្ទាប់ពីបញ្ចប់ការបួងសួងរួចរាល់។
តាមសម្តីរបស់សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានប្រាប់បណ្តាញព័ត៌មាន Sky News ថា រថយន្តមួយគ្រឿងបានបុករះអ្នកដំណើរតាមដងផ្លូវ ដោយវាប្រាកដណាស់ថា ក្នុងចំណោមជនរងគ្រោះគឺពិតជាមានអ្នកប្រតិបត្តិសាសនា ដែលទើបតែចាកចេញពីព្រះវិហារ នៅអំឡុងពិធីបុណ្យរ៉ាម៉ាឌន។ រហូតមកដល់ពេលនេះប្រតិបត្តិការស៊ើបអង្កេតនៅតែបន្តធ្វើឡើយ ហើយអ្នករងរបួសទាំងអស់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕