(បាងកក)៖ ស្ត្រីម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីរូបនាងបានសម្រេចចិត្ត លោតចូលផ្លូវដែក និងត្រូវបានរថភ្លើងបុកពេញមួយទំហឹង នៅឯស្ថានីយ៍រថភ្លើង Ban Thap Chang ក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃចន្ទនេះតែម្តង។ នេះបើតាមក្រុមមន្ត្រីថៃ ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។
ជុំវិញគ្រោះថ្នាក់ដ៏រន្ធត់នេះដែរ នាយកផ្នែកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Electrified Train Co., Ltd. លោក Suthep Phanpheng បាននិយាយថា «ស្រ្តីខាងលើបានដើរទៅមុខពីរទៅបីជំហ៊ាន ហើយសា្រប់តែលោតចូលទៅខាងមុខរថភ្លើង បណ្ដាលឱ្យរថភ្លើងបុករូបនាងស្លាប់ភ្លាមៗតែម្ដង»។ ដោយឡែក បើតាមកាមេរ៉ាសុវត្ថិភាព ស្រ្តីរូបនេះតែងតែមកស្ថានីយ៍រថភ្លើង Ban Thap Chang ស្ទើររៀងរាល់ ថ្ងៃជាមួយបុរសម្នាក់សង្ស័យថាជាប្ដី។
ទោះបីជាយ៉ាងណាមូលហេតុពិតប្រាកដ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ដោយគេមិនទាន់ដឹងថា តើវាជាករណីធ្វើអត្តឃាតខ្លួនឯង ឬក៏ជាឧប្បដិហេតុនោះឡើយ៕