(ដាម៉ាស)៖ បន្ទាប់ពីកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿងរបស់ប្រទេសស៊ីរី ដែលកំពុងតែបំពេញបេសកកម្មវាយប្រហារតាមផ្លូវ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ISIS នៅដែលស្ថិតក្នុងទីក្រុង Raqqa កងទ័ពស៊ីរីបានចេញសេចក្តីថ្លែងការណ៍បែបចោទប្រកាន់ទង្វើរបស់អាមេរិកថា ជាសកម្មភាពឈ្លានពានយ៉ាងជាក់ស្តែង។ នេះបើដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។
អគ្គបញ្ជាការដ្ឋានកងទ័ពស៊ីរីបានលើកឡើងថា ការបាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរី ដោយកងកម្លាំងចម្រុះនេះ គឺជាភស្តុតាងមួយបង្ហាញពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះក្រុមភេរវករ ISIS និងជាសកម្មភាពឈ្លានពានដ៏ជាក់ស្តែងមួយ។ ម៉្យាងវិញទៀតទង្វើនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងបំបាក់សមត្ថភាពរបស់កងទ័ពស៊ីរី ដែលជាកម្លាំងប្រកបដោយប្រសិទ្ធភាពតែមួយគត់ ដែលអនុវត្តន៍សិទ្ធិស្របច្បាប់
របស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ នៅទូទាំងប្រទេស។
គួរបញ្ជាក់ថា កម្លាំងចម្រុះដឹកនាំដោយអាមេរិក បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ស៊ីរី នៅលើទីក្រុង Rasafeh ភាគខាងត្បូងនៃទីក្រុង Raqqa ដែលគ្រប់គ្រងដោយ ISIS ហើយវាគឺជាលើកទីមួយហើយ ដែកកងកម្លាំងចម្រុះនេះ បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រដ្ឋាភិបាលស៊ីរី នៅក្នុងអំឡុងវិបត្តិដ៏រ៉ាំរ៉ៃនៃប្រទេសមជ្ឈិមបូព៌ាមួយនេះ ដែលបានអូសបន្លាយ ០៦ឆ្នាំមកហើយ៕