(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ទំនងជាអាចនឹងរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ខណៈកំពុងជាប់ផុងក្នុងរឿងអាស្រូវដែលចោទថា រូបលោកផ្ទាល់បានជួយសម្រួលដល់ កិច្ចការរកស៊ីរបស់មិត្តភក្កិម្នាក់ តែលោកបានបដិសេធ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានជប៉ុន ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។
សារព័ត៌មាន Nikkei business daily ដោយផ្អែកលើប្រភពពីមន្ត្រីរដ្ឋាភិបាល និងគណបក្សកាន់អំណាច បានរាយការណ៍ថា លោក អាបេ អាចនឹងរុះរើគណៈរដ្ឋមន្ត្រី នៅខែសីហា ឬក៏ខែកញ្ញាខាងមុខនេះ ហើយលោកគ្រោងនឹងរក្សាតំណែងមន្ត្រីមួយចំនួន រួមមានរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Taro Aso និងអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshihide Suga។ ក៏ប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយថា នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ អាចនឹងផ្លាស់ប្ដូរតំណែងរដ្ឋមន្ត្រីការពារជាតិ លោកស្រី Tomomi Inada, រដ្ឋមន្ត្រីការបរទេស លោក Fumio Kishida ឬក៏រដ្ឋមន្រ្តីសេដ្ឋកិច្ច លោក Nobuteru Ishihara ដែរ ឬក៏យ៉ាងណានោះទេ។
គួរបញ្ជាក់ថា ការស្ទង់មតិជាច្រើនបានបង្ហាញថា ប្រជាប្រិយភាពរបស់លោក ស៊ីនហ្សូ អាបេ បានធ្លាក់ចុះមកដល់ ៣៦ភាគរយ ខណៈចំនួនអ្នកមិនគំាទ្ររូបលោកកើនឡើង ៤៤ភាគរយ ហើយដែលនេះគឺការធ្លាក់ចុះប្រជាប្រិយភាពមកនៅកម្រិតទាបបំផុត គិតចាប់តាំងពីលោក អាបេ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសសេដ្ឋកិច្ចលំដាប់លេខ៣លើលោកមួយនេះ កាលពីខែធ្នូ ឆ្នាំ២០១២៕