(សេអ៊ូល)៖ កុំថាឡើយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលកំពុងព្រួយបារម្ភនឹងការរីកចំរើនទៅមុខ នៃកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយនៅពេលនេះសូម្បីតែប្រទេសកាណាដា ក៏ហាក់ដូចជាបានបង្ហាញការយកចិត្តទុកដាក់ផងដែរ លើបញ្ហានៅឧបទ្វីបកូរ៉េក្នុងពេលបច្ចុប្បន្ន ហើយតាមរយៈការព្រួយបារម្ភនេះ កាណាដាបានសម្រេចចិត្តចូលរួមក្នុង សមយុទ្ធនាវាចម្បាំងជាមួយសម្ព័ន្ធមិត្តទំាងពីរនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។
សមយុទ្ធយោធានេះ ដែលរៀបចំឡើងដោយកងអង្គភាពយោធាកូរ៉េខាងត្បូង Maritime Task Flotilla Seven (MTF7) នឹងត្រូវធ្វើឡើងក្នុងរយៈពេល ០៣ថ្ងៃ នៅក្បែរតំបន់ដែនទឹកនៃកោះ Jeju ដោយចាប់ផ្ដើមពីថ្ងៃសុក្រសប្ដាហ៍នេះតទៅ ព្រមទំាងមានការចូលរួមពីនាវាចម្បាំងកូរ៉េខាងត្បូង ០៥គ្រឿង និងនាវាពិឃាតអាមេរិក Arleigh Burke និងនាវាផ្ទុកឧទ្ធម្ភាគចក្រ MH-60R ខណៈកាណាដា ក៏បានបញ្ជូននាវាចម្បាំង Winnipeg, Ottawa និង SH-3 choppers ឱ្យចូលរួមនៅក្នុងសមយុទ្ធយោធានេះដែរ។ ជាងនេះទៅទៀត សមយុទ្ធយោធានេះ នឹងផ្ដោតសំខាន់លើបច្ចេកទេស ការពារដែនអាកាស ប្រឆាំងនាវាមុជទឹក និងការចាប់សញ្ញាមីស៊ីល ជាមួយនឹងការបាញ់គ្រាប់ពិតជាដើម។
គួរបញ្ជាក់ថា កាណាដាក៏ធ្លាប់បានចូលរួមនៅក្នុងសង្រ្គាមកូរ៉េ ឆ្នាំ១៩៥០-១៩៥៣ ផងដែរ ដើម្បីជួយកូរ៉េខាងត្បូង ទប់ទល់នឹងការឈ្លានពានពីសំណាក់កូរ៉េខាងជើង។ ក៏ប៉ុន្តែការសម្រេចចិត្តចូលរួមក្នុងសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅពេលនេះធ្វើឡើងនៅចំពេលដែលយោធាអាមេរិករំពឹងថា ទីក្រុងព្យុងយ៉ាងអាចនឹងបាញ់សាក ល្បងមីស៊ីលឆ្លងទ្វីប ICBM នៅក្នុងឆ្នាំ២០១៧នេះ ខណៈអ្នកជំនាញមួយចំនួនព្យាករណ៍ថា កូរ៉េខាងជើង អាចនឹងផលិតបានមីស៊ីល ICBM បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាញ់ ដល់ទ្វីបអាមេរិកនៅឆ្នាំ២០២០ខាងមុខនេះ៕