(អាមេរិក)៖ កាសែត Washington Post របស់អាមេរិក បានចេញផ្សាយ​នៅមុននេះបន្តិចថា ក្រសួងការពារជាតិ​អាមេរិកបានប្រកាស​អំពីការបាញ់ទម្លាក់យន្តហោះចម្បាំង​ស៊ីរីមួយគ្រឿង ដោយយន្តហោះចម្បាំង​របស់អាមេរិក នៅក្បែរទីក្រុង Raqqah ដែលជាទីដ៏ធំមួយ​របស់​បណ្តាញភេរវករ ISIS ឈរជើងក្នុងទឹកដី​ប្រទេសស៊ីរី។ នេះបើតាមការចេញ​ផ្សាយព័ត៌មាន នាព្រឹក​ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។

មន្ទីរបញ្ចកោណ​អាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍​មួយផងដែរថា កងទ័ពអាកាសដឹកនាំ​ដោយអាមេរិក បានធ្វើការចល័ត​ដោយឥតព្រាងទុក ដើម្បីទប់ទល់នឹងយន្តហោះចម្បាំងស៊ីរីប្រភេទ Su-22 ដែលបាន​ធ្វើកា​រ​ទម្លាក់គ្រាប់បែក​​ទៅលើទីតាំងរបស់សម្ព័ន្ធមិត្តអាមេរិក ដែលកំពុងតែប្រយុទ្ធប្រឆាំង នឹងក្រុមរដ្ឋអ៊ីស្លាម ISIS ស្ថិតនៅភាគខាង​ត្បូងទីក្រុង Tabqah ដែលមានចម្ងាយតែជាង ៣០គីឡូម៉ែត្រប៉ុណ្ណោះ ពីភាគខាងលិចទីក្រុង Raqqah។ ទីបំផុតយន្តហោះ Su-22 មួយគ្រឿងត្រូវបានបាញ់ទម្លាក់តែម្តង នៅថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា កងកម្លាំងឃើដ និង អារ៉ាប់ ឬដែលយើងអាចហៅបានថា កងកម្លាំងស៊ីរីសេរី (SDF) នោះ​គឺជាកង​កម្លាំងដែលគាំទ្រ​ដោយ​សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងទ្រង់ទ្រាយធំ​ទៅលើក្រុម ISIS ក្នុងតំបន់ Raqqah ដែលត្រូវបានបណ្តាញ​ភេរវករលេខ១​លើលោកនេះ​ប្រកាសថា ជារដ្ឋធានីរបស់ពួកគេ​ក្នុងទឹកដីស៊ីរី។ ទោះបីជា​ក្រុមកម្លាំងគាំទ្រ​ដោយអាមេរិក អាចដណ្តើមបាន​ទីក្រុង Tabqah ក៏ពិតមែន ប៉ុន្តែក្រុម ISIS នៅតែអាចកាន់កាប់​ផ្នែក​ជាច្រើននៃ​តំបន់ឆ្នេរខ្សាច់ លាតសន្ធឹងនៅភាគខាងត្បូង​ទីក្រុងនេះដដែល។

នេះគឺជាលើកទីពីរហើយ នៅក្នុងរដ្ឋបាល​របស់ លោក ដូណាល់ ត្រាំ ដែលអាមេរិក​បានធ្វើវាយប្រហារ​ដោយ​បើក​ចំហទៅលើកង​កម្លាំងស៊ីរី ដោយលើកទីមួយនោះ​គឺការបាញ់ស្រោចមីស៊ីល ៥៩គ្រាប់ ទៅលើមូលដ្ឋានទ័ពស៊ីរី ដែលប្រធានាធិបតី​​អាមេរិក​​ កំពុងជាប់ការសង្ស័យរូបនេះ​បានអះអាងថា ជាការសងសឹកនឹង​រដ្ឋាភិបាល លោក បាស្សា អាល់ អាស្សាដ ដែលបានប្រើប្រាស់​អាវុធគីមី សម្លាប់អាយុជីវិត​កុមារស្លូតត្រង់ជាង ២០នាក់កាលពីប៉ុន្មានខែមុន៕