(សៀងហៃ)៖ កងទ័ពជើងទឹករបស់ចិន បានចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំ ជាមួយនឹងកងទ័ពជើងទឹករុស្ស៊ីហើយ នៅតំបន់កំពង់ផែ St. Pertersburge និង Kaliningrad ភាគខាងកើតប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ ដែលវាជាសមយុទ្ធលើកដំបូងក្នុងឆ្នាំ២០១៧នេះ ក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការរវាងមហាយក្សទាំងពីរ ស្របពេលដែលស្ថានការណ៍នៅក្នុងតំបន់ និងពិភពលោកនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។
សមយុទ្ធខាងលើនេះមានឈ្មោះថា Joint Sea 2017 ត្រូវបានប្រារព្ធឡើង ដោយយកលំនាំតាមអ្វីដែលកងទ័ពជើងទឹកប្រទេសជិតខាងទាំងពីរ ធ្លាប់បានធ្វើកាលពីឆ្នាំមុន ហើយសម្រាប់សមយុទ្ធបន្ថែមទៀតក៏នឹងត្រូវធ្វើឡើងផងដែរនៅចុងខែកក្កដាខាងមុខនេះ នៅដែនសមុទ្រ Baltic និង ម្តងទៀតនៅពាក់កណ្តាលខែកញ្ញា នៅក្នុងដែនសមុទ្រជប៉ុន និងសមុទ្រ Okhotsk។
គួរបញ្ជាក់ថា សម្រាប់ភាគីចិនបានធ្វើការបញ្ជូនកងកម្លាំង និងសព្វាវុធនានារបស់ខ្លួនពីខេត្តហៃហាន ភាគអាគ្នេយ៍ប្រទេស ដែលមានដូចជា នាវាចម្បាំងកម្ទេចមីស៊ីល Changsha, នាវាចម្បាំងបំពាក់មីស៊ីល Yuncheng, និងនាវាចម្បាំង ដែលអាចឲ្យឧទ្ធម្ភាគចក្រចុះចត ព្រមទាំងជាមួយនឹងនាវាដឹកយោធាជើងទឹកមួយចំនួនទៀតផងដែរ។ ប្រទេសចិន និងរុស្ស៊ី ជាប្រទេសសមាជិកអចិន្ត្រៃយ៍ក្នុងចំណោមប្រទេសតែ ០៥ ប៉ុណ្ណោះនៅលើពិភពលោក ដែលមានអំណាចដូចគ្នា និងស្ថិតនៅក្នុងទិសដៅតែមួយ ទប់ទល់នឹងអាមេរិក។
ប្រទេសរុស្ស៊ីត្រូវបានគេមើលឃើញថា បាននិងកំពុងតែទទួលរងសម្ពាធសេដ្ឋកិច្ចពីអាមេរិក និងអឺរ៉ុប ដោយសារតែការទន្ទ្រានកាន់កាប់តំបន់គ្រីមា និងគាំទ្រការផ្តាច់ខ្លួននៃក្រុមប្រឆាំងអ៊ុយក្រែនដោយខុសច្បាប់ ខណៈប្រទេសចិនវិញ ក៏ត្រូវបានសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅអាស៊ាន ចោទប្រកាន់រឿងបង្កើតកោះសិប្បនិមិត្ត និងមូលដ្ឋានយោធានៅតំបន់ជាច្រើននៅសមុទ្រចិនខាងត្បូង ដែលជាច្រកពាណិជ្ជកម្មផ្លូវទឹកដ៏ធំបំផុត របស់សកលលោកផងដែរ៕