(ប៉ារីស)៖ គណបក្សរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសភាជុំទី០២ កាលពីថ្ងៃអាទិត្យ ដោយទទួល បានសំឡេងគំាទ្រច្រើនជាង ៣០០អសនៈ ក៏ប៉ុន្តែចំនួនអ្នកបោះឆ្នោតបែរជាមានការធ្លាក់ចុះទៅវិញ។ នេះបើតាមលទ្ធផលបឋមដកស្រង់ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។
នៅអំឡុងការបោះឆ្នោតសភាជុំទី០១ កាលពីថ្ងៃទី១១ ខែមិថុនា គណបក្សលោក ម៉ាក្រុង និងគណបក្សជាសម្ព័ន្ធមិត្តរបស់ខ្លួនគឺ MoDem បានទទួលសំឡេងគាំទ្រ ៣២,៣ ភាគរយ ទល់នឹង ២១.៥ភាគរយនៃគណបក្សសាធារណរដ្ឋ តាមពីក្រោយដោយគណបក្សរណសិរ្សជាតិរបស់លោកស្រី ម៉ារីន ឡឺប៉ែន ដែលទទួលបានសំឡេងគាំទ្រ ១៣,៣% ។
ដោយឡែកបើតាមលទ្ធផលបឋម នៅក្នុងការបោះឆ្នោតជុំទី០២ កាលពីថ្ងៃអាទិត្យម្សិលមិញ គណបក្ស République en Marche របស់លោក ម៉ាក្រុង និងគណបក្សជាសម្ព័ន្ធមិត្តរបស់ខ្លួនគឺ MoDem បានទទួលអសនៈ៣៤១ ក្នុងចំណោមអសនៈសរុប ៥៧៧ នៃសភាជាតិបារំាង តាមពីក្រោយដោយគណបក្សសាធារណរដ្ឋ ដែលទទួលបានអសនៈ ១១៣ ខណៈគណបក្ស រណសិរ្សជាតិរបស់លោកស្រី ម៉ារីន ឡឺប៉ែន ទទួលបានតែជាង ៨អសនៈប៉ុណ្ណោះ។
មួយវិញទៀត តាមរយៈជ័យជំម្នះនេះនឹងអនុញ្ញាតឱ្យលោក ម៉ាក្រុង ធ្វើកំណែទម្រង់តាមពាក្យ សន្យារបស់លោក។ ក៏ប៉ុន្តែយ៉ាងណាក្រុមអ្នកជំនាញបារំាងមួយចំនួន រួមទាំងគណបក្សប្រឆាំងបានបង្ហាញពីក្ដីព្រួយបារម្ភ ខា្លចក្រែងជ័យជម្នះនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរ ការនៃលិទ្ធិប្រជាធិបតេយ្យ ត្បិតបើសិនជាអ្វីៗដើរតាមការព្យាករណ៍ នោះគណបក្សប្រឆាំងនឹងអស់ឥទ្ធិពលនៅក្នុងសភា ដើម្បីតាមដានសកម្មភាពរដ្ឋាភិបាល ពោលបើនិយាយឱ្យចំគណបក្សរបស់លោក ម៉ាក្រុង អាចនឹងដឹកនាំសភាផង និងរដ្ឋាភិបាលផង។
គួរបញ្ជាក់ថា គណបក្ស République en Marche របស់លោកម៉ាក្រុង ត្រូវបានបង្កើតឡើងអស់រយៈពេលមួយឆ្នាំ ហើយពាក់កណ្ដាលនៃបេក្ខជនជាអ្នកតំណាងរាស្ត្រគឺជាអ្នកគ្មាន បទពិសោធន៍ខាងនយោបាយ តែជ័យជម្នះនេះ វាបានបិទបញ្ចប់សករាជដឹកនាំសភាដោយក្រុមអ្នកស្ដាំនិយម និងឆ្វេងនិយមរាប់ទសវត្សរ៍មកនេះ ស្របពេលចំនួនស្ត្រីជាតំណារាស្ត្រ មានរហូតទៅ ២២៣នាក់ឯណោះ ដែលបានជាប់កំណត់ត្រាថ្មីមួយទៀត សម្រាប់សភាជាតិបារាំងថ្មី៕