(ព័រទុយហ្កាល់)៖ អាជ្ញាធរព័រទុយហ្កាល់ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារ ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ ដែលបាននិងកំពុង ឆាបឆេះនៅឯតំបន់ Leiria នៃភាគកណ្ដាល ប្រទេសព័រទុយហ្កាល់ បានកើនដល់៤៣នាក់ហើយ ខណៈមនុស្ស៥៩នាក់ផ្សេងទៀត បានរងរបួស។ នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០១៧។

កាលពីដំបូងឡើយ នាយករដ្ឋមន្ត្រីព័រទុយហ្កាល់ លោក Antonio Costa បានថ្លែងពីទីក្រុង Lisbonne ដូច្នេះថា៖ «យើងកំពុងប្រឈមមុខ នឹងសោកនាដកមួយដ៏គួរឱ្យរន្ធត់ដោយ មកទល់ពេលនេះមានមនុស្ស២៤នាក់ ហើយបានស្លាប់ ប៉ុន្តែចំនួននេះអាចនឹងកើនឡើង ច្រើនជាងនេះ»។ ជាមួយគ្នានោះដែរ បើតាមក្រុមអ្នកពន្លត់អគ្គិភ័យ ជនរងគ្រោះភាគច្រើន បានស្លាប់ នៅអំឡុងពេលព្យាយាមរត់គេច ចេញតំបន់ Pedrogao Grande ស្ថិតនៅចំងាយ៥០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ទីក្រុង Coimbra។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនេះបានកើតឡើងនៅម៉ោងប្រមាណ ១៥៖០០នាទី (ម៉ោងនៅក្នុងតំបន់) កាលពីថ្ងៃសៅរ៍ នៅឯតំបន់ Pedrogao Grande នៃស្រុក Leiria។ ចំណែកឯ មូលហេតុនៃអគ្គិសភ័យ ពុំទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ស្របពេលក្រុមភ្នាក់ពន្លត់អគ្គិភ័យ ១៧០០នាក់ កំពុងតស៊ូប្រយុទ្ធនឹងអណា្តតភ្លើង៕