(ប៊ែរឡាំង)៖ ខណៈអង់គ្លេសនឹងចាប់ផ្ដើមកិច្ចចរចាលែងលះឬ Brexit ជាមួយសហភាពអឺរ៉ុបនៅថ្ងៃស្អែកនេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោកស្រី Brigitte Zypries បាននិយាយ ថាវានឹងក្លាយជារឿងដ៏អស្ចារ្យ បើសិនជាអង់គ្លេសសម្រេចចិត្តជាថ្មីឡើងវិញលុបចោល Brexit ហើយបន្តរួមរស់ជាមួយសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារ ព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters លោកស្រី Brigitte Zypries បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថាវានឹងក្លាយជារឿងអស្ចារ្យ បើសិនជាពួកគេ លុបចោល Brexit ...ក៏ប៉ុន្តែសម្រាប់រូបខ្ញុំផ្ទាល់ សេណារីយ៉ូបែបនេះ ទំនងជានឹងមិនអាចកើតឡើងឡើយ ហើយការសម្រេចិត្តបែបនេះរបស់អង់គ្លេស គឺជារឿងមួយគួរឱ្យសោក ស្ដាយ...តែយ៉ាងណា Brexit នឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចអង់គ្លេស ច្រើនជាងអាល្លឺម៉ង់»។ ការថ្លែងបែបនេះ របស់លោកស្រី Brigitte Zypries ធ្វើឡើងដោយផ្អែកលើ ការសិក្សាស្រាវជ្រាវមួយដែលបង្ហាញថាបច្ចុប្បន្នអាល្លឺម៉ង់ កំពុងទាញយកផលប្រយោជន៍ពី Brexit ហើយការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប អាចនឹងធ្វើឱ្យអាល្លឺម៉ង់ ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុកាន់តែរ៉ឹងមំា ព្រមទំាងបង្កើនការទាក់ទាញការវិនិយោគបរទេសផ្ទាល់នៅក្នុងប្រទេស។
គួរបញ្ជាក់ថា បើតាមមន្ត្រីជាន់ខ្ពស់អង់គ្លេស និងអឺរ៉ុប កិច្ចចរចាស្ដីពី Brexit នឹងចាប់ផ្ដើមប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ស្អែកនេះ៕