(តូក្យូ)៖ នាវិកអាមេរិកទាំង០៧នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីនាវារបស់ពួកគេ បានបុកទង្គិចជាមួយនឹងនាវាដឹកកុងតឺន័រ ដោតទង់ជាតិ ហ្វីលីពីន នៅក្នុងដែនទឹកជិតឆ្នេរសមុទ្រ របស់ប្រទេសជប៉ុន កាលពីព្រឹកថ្ងៃសៅរ៍ គ្មាននរណាមម្នាក់នៅរស់រាន្តមានជីវិតឡើយ។ នេះបើតាមកងទ័ពជើងទឹកអាមេរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០១៧។
កងទ័ពជើងទឹកអាមេរិកនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានគូសបញ្ជាក់ទៀតថា សាកសពក្រុមនាវិកអាមេរិកទំាង០៧នាក់ កំពុងចាប់ផ្ដើមបញ្ជូនទៅកាន់មន្ទីពេទ្យរបស់ កងនាវាអាមេរិកក្នុងប្រទេសជប៉ុន ដើម្បីបញ្ជាក់ពីអត្តសញ្ញាណ ដោយមិនទាន់ផ្ដល់ព័ត៌មាន លម្អិតបន្ថែមនៅឡើយទេ។
គួររំលឹកថា នាវាពិឃាតមីស៊ីលអាមេរិកUSS Fitzgerald បានបុកនាវាដឹកកុងតឺន័រហ្វីលីពីនឈ្មោះ ACX Crystal នៅវេលាម៉ោង ២៖៣០នាទីទៀបភ្លឺថ្ងៃសៅរ៍នេះ ស្ថិតនៅដែន ទឹកនៃភាគនិរតីខេត្ត Yokosuka ប្រទេសជប៉ុនដោយបង្កឱ្យមនុស្សពីរនាក់ រងរបួសផងដែរ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង៕