(ឡុងដ៍)៖ ប៉ួលិសនៃទីក្រុងឡុងដ៍បានបញ្ជាក់នាថ្ងៃសៅរ៍នេះថា មានមនុស្សយ៉ាងតិចចំនួន៥៨នាក់ជាប់នៅក្នុងអគារ ហើយសង្ស័យបានបាត់បង់ជីវិតនៅក្នុង​គ្រោះអគ្គីភ័យដ៏សន្ធោសន្ធៅកាលពីប៉ុន្មានថ្ងៃមុននេះ ដែលបានឆាបឆេះអគារខុនដូកម្ពស់២៤ជាន់មួយកន្លែង នៅទីក្រុងឡុងដ៍។ នេះ​បើ​តាមការចេញផ្សាយ​ដោយ​សារ​ព័ត៌មាន Hindustan Times នៅយប់ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។

លោក Stuart Cundy មេបញ្ជាការប៉ូលិសប្រចាំទីក្រុងឡុងដ៍បានថ្លែងថា «គួរឲ្យសោកស្តាយនាខណៈពេលនេះ មនុស្សចំនួន៥៨នាក់ដែល​យើងទទួលដំណឹងថា បានស្ថិតក្នុងអគារកើតហេតុកាលពីយប់ដែលសោកនាដកម្មបានកើតឡើង ហើយពួកគេទាំងនោះនៅតែបន្តបាត់​ខ្លួន​ដដែល ដូច្នេះហើយពួកយើងត្រូវតែធ្វើការ សន្មត់ថាជនទាំងអស់នោះបានបាត់បង់ជីវិតហើយ គិតមកទល់ពេលនេះ។ យ៉ាងណាមិញលោក​ Cundy បានបន្ថែមថា តួលេខនេះអាចនឹងផ្លាស់ប្តូរ នាពេលខាងមុខទៀត។

អគារខាងលើនេះ​​មាន​ឈ្មោះថា Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិច​​ទីក្រុងឡុងដ៍ ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បានទទួល​រងការឆាបឆេះកាលពីវេលាម៉ោង ១៖១៦នាទីយប់ថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ចាប់តាំងពីជាន់ទីពីរ ​រហូត​ដល់​ជាន់​លើ​បំផុត ហើយ​ក្រុម​ពន្លត់​​អគ្គី​ភ័យ​ដល់​ទៅ​ជាង ២០០នាក់ បាន​​ចូលរួមពន្លត់​គ្រោះអគ្គីភ័យដ៏​ធំសម្បើមនេះ។ មនុស្សរាប់រយនាក់ រួម មានទាំងកុមារ និងជនចាស់ជរា ​ត្រូវគេជឿជាក់ថា បានស្ថិតក្នុងលំនៅឋាន​ប្រមាណជា១២០ខ្នង ដែលនៅ​ក្នុងអគារ​កម្ពស់​​​២៤​ជាន់​នោះ នៅពេលដែលអគ្គីភ័យបានកើត​ឡើង៕