(គែរ)៖ តុលាការមួយរបស់ប្រទេសអេហ្ស៊ីប នៅថ្ងៃសៅរ៍នេះបានសម្រេចកាត់ទោសប្រហារជីវិត មនុស្សសរុប ៣១នាក់ ដែលត្រូវបានអាជ្ញាធររកឃើញថា បានរួមផ្សំគំនិតគ្នាក្នុងការធ្វើឃាត អតីតអគ្គរដ្ឋអាជ្ញារបស់ប្រទេសនៃតំបន់មជ្ឈិមបូព៌ាមួយនេះ តាមរយៈការបំផ្ទុះគ្រាប់បែកលើរថយន្តរបស់លោក កាលពីឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។
លោក Hisham Barakat អគ្គរដ្ឋអាជ្ញានៃប្រទេសអេហ្ស៊ីប ត្រូវបានក្រុមប្រឆាំងរដ្ឋាភិបាលលោក ប្រធានាធិបតី អាប់ឌែល ហ្វាតតាហ៍ អាល់ ស៊ីស៊ី ធ្វើការបំផ្ទុះគ្រាប់បែកទៅលើរថយន្តរបស់លោក កាលពីចុងខែមិថុនា ឆ្នាំ២០១៥ នៅទីក្រុងគែរតែម្តង ដោយក្នុងនោះលោកបានបាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។
គួរបញ្ជាក់ថា បន្ទាប់ពីការវាយប្រហារកាលណោះ ប្រធានាធិបតីអេហ្ស៊ីបបានប្រកាសថា ក្រុមអ្នកប្រព្រឹត្តបទឧក្រិដ្ឋនេះ នឹងត្រូវប្រមូលយកមកកាត់ទោសយ៉ាងធ្ងន់ធ្ងរជាទីបំផុត ហើយរហូតមកទល់នឹងពេលនេះមានរយៈពេលពីរឆ្នាំហើយ ដោយជាលទ្ធផលជនបង្ក និងផ្សំគំនិតសរុប ៣១នាក់ត្រូវបានកាត់ទោសប្រហារជីវិត៕