(កាប៊ុល)៖ យ៉ាងហោចណាស់ពួកសកម្មប្រយុទ្ធ ២០នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយទ័ពអាកាសរបស់អាមេរិក និងអាហ្វហ្គានីស្ថានរួមគ្នា ទៅលើខេត្ត Helmand ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការសារព័ត៌មាន Sputnik របស់រុស្ស៊ី ដកស្រង់សម្តីរបស់មន្ត្រីប្រចាំតំបន់កើតហេតុ នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។
ការវាយប្រហារខាងលើនេះ ត្រូវបានរៀបចំឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទៅលើស្រុក Marjeh នៃខេត្តខាងលើនេះ ដោយវាជាកន្លែងលាក់ខ្លួនរបស់បណ្តាញក្រុមតាលីបង់។ បន្ទាប់ពីការវាយប្រហារជោគជ័យ កងកម្លាំងអាហ្វហ្គានីស្ថាន ក៏ធ្វើការស្នើសុំជំនួយបន្ថែមទៀត នោះគឺការបញ្ជូនកងកម្លាំងផ្ញើជើងមកកាន់ស្រុក Marjeh ដើម្បីបោសសម្អាត និងគ្រប់គ្រងតំបន់នេះតែម្តង។
គួរបញ្ជាក់ថា ខេត្ត Helmad គឺមជ្ឈមណ្ឌលកណ្តាលនៃក្រុមតាលីបង់ ដែលត្រូវបានប្រើប្រាស់ជាកន្លែងធ្វើជំនួញគ្រឿងញៀន និងប្រមូលផ្តុំហិរញ្ញវត្ថុដ៏សម្បើមផ្សេងទៀត។ បច្ចុប្បន្នអាហ្វហ្គានីស្ថាន មិនមែនទទួលរងការយាយីដ៏ខ្លាំងក្លាពីក្រុមតាលីបង់ប៉ុណ្ណោះទេ តែក៏មានក្រុម ISIS ផងដែរ៕