(ម៉ូស្គូ)៖ វិបត្តិការទូតដ៏ក្តៅគគុកសព្វថ្ងៃនេះ រវាងប្រទេសកាតា និងបណ្តាប្រទេសអារ៉ាប់មួយចំនួនទៀតនោះ គឺជាសញ្ញាបរាជ័យជាក់ស្តែងដំបូងបំផុត នៃគោលនយោបាយក្រៅប្រទេសរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការអះអាងរបស់អ្នកជំនាញរុស្ស៊ីម្នាក់ ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។
យោងតាម លោក Alexander Aksenenok អ្នកជំនាញនៃក្រុមប្រឹក្សាកិច្ចការអន្តរជាតិរបស់ប្រទេសរុស្ស៊ី វិបត្តិដែលប្រទេសកាតាកំពុងជួបប្រទះ គឺជាភាពបរាជ័យជាក់ស្តែងដំបូងបំផុត នៃគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏ដូចជាតំបន់ឈូងសមុទ្រពែក។ លោក Aksenenok បានលើកឡើងថា «នេះគឺជាលទ្ធផលនៃធាតុពិតជាក់ស្តែងដែលថា បណ្តាសម្ព័ន្ធមិត្ត និងដៃគូរបស់សហរដ្ឋអាមេរិក បានកេងចំណេញស្ថានការណ៍ ដែលត្រូវបានបង្កើតឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយការធ្វើសេចក្តីថ្លែងការណ៍របស់លោក ប្រឆាំងនឹងអ៊ីរ៉ង់នៅឯទីក្រុងរីយ៉ាដ»។
អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា នៅក្នុងស្ថានការណ៍នេះសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន បានប្រើប្រាស់នយោបាយការទូតរបស់អាមេរិក ដើម្បីបម្រើដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ លោក Aksenenok បានបន្តថា «វិបត្តិនេះមិនផ្តល់ជាប្រយោជន៍អ្វីទាំងអស់ដល់សហរដ្ឋអាមេរិក តែផ្ទុយទៅវិញ វាគឺជាលទ្ធផលដែលបានកើតចេញមកពី ភាពនៅតែមិនច្បាស់របស់រដ្ឋបាល លោក ដូណាល់ ត្រាំ ក្នុងការសម្រេចចិត្តថា តើគោលនយោបាយនៅតំបន់មជ្ឈិមបូព៌ា គួរតែមានលក្ខណៈបែបណានោះ។ បច្ចុប្បន្ននេះ អាមេរិកនៅតែកំពុងរៀនសូត្រ ពីកំហុសឆ្គងនានានៅឡើយទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅ ប្រទេសមួយចំនួនរួមមានរាជាណាចក្រអារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានប្រកាសផ្តាច់ទំនាក់ទំនងការទូតគ្រប់ទម្រង់ និងបានបិទចរាចរណ៍ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសជាមួយជាមួយប្រទេសកាតា ក្រោមហេតុផលចោទប្រកាន់ទីក្រុងដូហា ថាបានគាំទ្រក្រុមភេរវករក៏ដូចជាប្រទេសអ៊ីរ៉ង់ និងបានលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃទៀត។ ការសម្រេចចិត្តរបស់ប្រទេសអារ៉ាប់ទាំងនោះ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានធ្វើដំណើរបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង នៅរាជាណាចក្រអារ៉ាប៊ីសាអូឌីត៕