(ម៉ូស្គូ)៖ សមាជិកនៃក្រុមភេរវករ ISIS យ៉ាងតិចចំនួន៧០០នាក់ ត្រូវបានកម្ចាត់ចោលនៅខេត្ត Nangarhar ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងពេលបីខែចុងក្រោយនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាហ្វហ្គានីស្ថាន ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។
ទីភ្នាក់ងារព័ត៌មាន Khaama បានធ្វើសេចក្តីរាយការណ៍ថា មេបញ្ជាការកងទ័ពអាហ្វហ្គានីស្ថាន លោកឧត្តមសេនីយ៍ Mohammad Zaman Waziri បានឲ្យដឹងថា ក្នុងរយៈពេលបីខែចុងក្រោយនេះ ក្រុមសកម្មប្រយុទ្ធ ISIS បានបាត់បង់កម្លាំងក្នុងបរិមាណយ៉ាងច្រើន ដោយបក្សពួករបស់ពួកគេយ៉ាងហោចណាស់ក៏ចំនួន ៧០០នាក់ដែរបានស្លាប់ នៅក្នុងប្រតិបត្តិការយោធាដ៏ក្តៅគគុកបន្តបន្ទាប់គ្នា។ ម៉្យាងវិញទៀតអាជ្ញាធរនៅតាមតំបន់ភាគខាងកើតអាហ្វហ្គានីស្ថាន បានអះអាងថា លែងមានវត្តមានរបស់ ISIS ទៀតហើយនាខណៈពេលនេះ ស្របពេលដែលលោក Wazari បានបញ្ជាក់ថា ប៉ុស្តិ៍សន្តិសុខនឹងត្រូវដាក់បន្ថែមទៅក្នុងបណ្តាតំបន់ដែលខ្លួនរំដោះបាន។
គួរបញ្ជាក់ថា អាហ្វហ្គានីស្ថាន បាននិងកំពុងទទួលរងគ្រោះពីបញ្ហាអស្ថិរភាព ពាក់ព័ន្ធទាំងរឿងនយោបាយ សង្គម និងសន្តិសុខ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដោយសារតែក្រុមភេរវករ រួមទាំងពួកជ្រុលនិយមតាលីបង់ និងពួកភេរវករ ISIS នៅតែបន្តរៀបចំការវាយប្រហារឥតឈប់ឈរទៅលើមិនថាប្រជាជនស៊ីវិលស្លូតត្រង់ ឬមួយក៏កម្លាំងយោធានោះឡើយ៕