(អាមេរិក)៖ ក្រុមហ៊ុន Fast Food ដ៏ល្បីល្បាញ McDonald's របស់សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានសម្រេចបញ្ចប់ភាពជាដៃគូពាណិជ្ជកម្មដ៏យូរអង្វែង ជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ហើយ បន្ទាប់ពីបានធ្វើការឧបត្ថម្ភអស់រយៈ៤១ឆ្នាំមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសោរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងសេចក្តីប្រកាសរួមគ្នាមួយជាមួយ IOC ក្រុមហ៊ុន McDonald's បានពន្យល់បកស្រាយថា ការសម្រេចចិត្តនេះគឺស្ថិតក្នុងផ្នែកនៃការវាយតម្លៃឡើងវិញទាំងស្រុងទៅលើក្រុមហ៊ុន។ នាយកគ្រប់គ្រងទីផ្សារសកលរបស់ McDonald's លោក Silvia Lagnado បានថ្លែងដូច្នេះថា «ដើម្បីចូលរួមចំណែកក្នុងផែនការកំណើនសកលរបស់យើង ពួកយើងកំពុងធ្វើការគិតគូរពិចារណាឡើងវិញ ទៅលើគ្រប់ទិដ្ឋភាពទាំងអស់នៃមុខជំនួញរបស់យើង ហើយក៏បានធ្វើការសម្រេចចិត្តបែបនេះ នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយ IOC ដើម្បីផ្តោតសំខាន់ទៅលើអាទិភាពដទៃផ្សេងទៀត»។
គួរបញ្ជាក់ថា ក្រុមហ៊ុន McDonald's បានក្លាយជាម្ចាស់ឧបត្ថម្ភអូឡាំពិកចាប់តាំងពីឆ្នាំ១៩៧៦មកម្ល៉េះ ហើយក្រុមហ៊ុន Fast Food ដ៏ពេញនិយមមួយនេះ បានចូលរួមចំណែកមិនតិចជាងមួយពាន់លានដុល្លារឡើយ ជារៀងរាល់បួនឆ្នាំនៅពេលព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ ប្រព្រឹត្តទៅម្តងៗ។ យ៉ាងណាមិញក្រោពី McDonald's IOC នៅតែមានអ្នកឧបត្ថម្ភកំពូលៗជាច្រើនទៀតដដែលរួមមាន Bridgestone, Panasonic, Toyota, Alibaba, Omega ជាដើមសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ខាងមុខ និងឆ្នាំក្រោយៗទៀត៕