(វ៉ាស៊ីនតោន)៖ លោក Joe Lombardo អ្នកជំនាញនៃក្រុមចលនាប្រឆាំងសង្រ្គាម UNAC ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានលើកឡើងថា ការដែលអង្គការ NATO ពង្រីកឥទ្ធិពលរបស់ខ្លួននៅទូទាំងទ្វីបអឺរ៉ុប នឹងអាចចូលទៅដល់ប្រទេសអ៊ុយក្រែន ក្បែរព្រំដែនប្រទេសរុស្ស៊ីថែមទៀតនោះ កំពុងបង្កការគំរាមកំហែងក្នុងកម្រិតយ៉ាងខ្លាំងពិតប្រាកដមួយ ដល់ស្ថិរភាពនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទមួយនៅរដ្ឋ Virginia លោក Lombardo បាននិយាយថា «សហរដ្ឋអាមេរិក ធ្លាប់បានសន្យាថាខ្លួន នឹងមិនចល័តកម្លាំងអង្គការ NATO ទៅក្នុងបណ្តាប្រទេសនៃអតីតសហភាពសូវៀត ឬមួយក៏ទៅក្នុងបណ្តាអតីតរដ្ឋដែលស្ថិតក្រោមកិច្ចព្រមព្រៀងទីក្រុង Warsaw នោះឡើយ ប៉ុន្តែនាពេលនេះអង្គការ NATO កំពុងមានវត្តមាននៅក្នុងរដ្ឋ១១ក្នុងចំណោមនោះ និងកំពុងបន្តទៅកាន់ប្រទេសដទៃៗទៀត រួមទាំងអ៊ុយក្រែនផងដែរ ដែលមានព្រំប្រទល់ធំជាងគេបំផុតជាប់ជាមួយរុស្ស៊ី ហើយនេះគឺជាគ្រោះថ្នាក់យ៉ាងពិតប្រាកដមួយ»។
ជាមួយគ្នានេះ អ្នកជំនាញមួយរូបទៀតរបស់ UNAC បានបន្ថែមថា «យើងប្រឆាំងដាច់ខាតចំពោះការលើកកម្ពស់របស់សហរដ្ឋអាមេរិក ទៅលើការពង្រីកឥទ្ធិពលរបស់ NATO ទៅដល់ក្បែរព្រំដែននៃប្រទេសរុស្ស៊ី ហើយពួកយើងចាត់ទុកអាមេរិកថា គឺជាអ្នកញុះញង់បង្កហេតុ នៅក្នុងបញ្ហាជម្លោះរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកខ្លួនឯង»។
គួរបញ្ជាក់ថា សន្និសីទរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៦-១៨ ខែមិថុនា ដែលត្រូវបានរៀបចំឡើងដោយ UNAC នេះ រួមមានការពិភាក្សាអំពីប្រវត្តិសាស្រ្តនៃទំនាក់ទំនងអាមេរិក-រុស្ស៊ី ការពង្រីកឥទ្ធិពលរបស់អង្គការ NATO រួមនិងស្ថានការណ៍នៅក្នុងអ៊ុយក្រែន ក៏ដូចជាបាតុភូតនៃបដិវត្តន៍ពណ៌ជាដើម៕