(បរទេស)៖ កែវយឺតអវកាស James Webb របស់អង្គការ NASA ដែលត្រូវបាញ់បង្ហោះនៅឆ្នាំ ២០១៨ នឹងធ្វើការតាមរុករកវត្តមាននៃជីវិតក្រៅភព នៅលើបណ្តាភពដែលមានទំហំប៉ុនផែនដី នៃប្រព័ន្ធផ្កាយ TRAPPIST-1 ដែលទើបតែត្រូវបានរកឃើញកាលពីប៉ុន្មានខែមុននេះ រួមនិងព្រះច័ន្ទយូរ៉ូប៉ា (Europa) ផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារអវកាសអាមេរិកផ្ទាល់ ដកស្រង់ដោយសារព័ត៌មាន The Hindu នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។
ក្រុមអ្នកវិទ្យាសាស្រ្តនៃអង្គការណាសា (NASA) នាពេលថ្មីៗនេះបានប្រកាសឲ្យដឹង អំពីរបកគំហើញដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តមនុស្សលោក នៃការរកឃើញដ៏ថ្មីសន្លាងនូវភពចំនួន០៧ ដែលវិលជុំវិញប្រព័ន្ធផ្កាយតូចមួយ ដែលប្រការនេះកំពុងបើកទូលាយនូវទីតាំងដ៏ប្រសើរជាងគេបង្អស់សម្រាប់ការស្រាវជ្រាវក៏ដូចជាស្វែងរុករកជីវិតនៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង។
យោងតាមប្រភពព័ត៌មានដដែល ភពថ្មីទាំង០៧ខាងលើមានទំហំ និងទម្ងន់ប្រហាក់ប្រហែលនឹងភពផែនដីរបស់យើងដែរនិងភាគច្រើនផ្សំឡើងពីថ្ម ហើយភពបីនៅក្នុងចំណោមនោះមានសភាពសាកសមបំផុតក្នុងការធ្វើជាទីជ្រកកោនរបស់ផ្ទៃទឹកដ៏ធំល្វឹងល្វឺយដែលអាចទ្រទ្រង់ជីវិតបាន។ ម៉្យាងវិញទៀតអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺថា រយៈចម្ងាយរបស់ពួកវាពីភពផែនដី និងកម្រិតពន្លឺនៃផ្កាយរបស់ពួកវាមានឈ្មោះថា Trappist-1 នឹងអនុញ្ញាតឲ្យអវកាសយានិកធ្វើការបែងចែកបរិយាកាសនៃភពនីមួយៗ ដើម្បីស្វែងរកសញ្ញានៃសារធាតុទាំងឡាយនៃសកម្មភាពរបស់ភាវៈមានជីវិត។
គួរបញ្ជាក់ដែរប្រព័ន្ធផ្កាយ TRAPPIST-1 ដែលស្ថិតនៅចម្ងាយត្រឹមតែ ៣៩ឆ្នាំពន្លឺប៉ុណ្ណោះពីភពរបស់យើងនោះ មានចំនួនភពដែល មានទំហំប្រហាក់ប្រហែលនឹងផែនដី ហើយវិលជុំវិញប្រព័ន្ធផ្កាយតែមួយគត់ច្រើនជាងបង្អស់ ហើយប្រព័ន្ធផ្កាយតូចនេះមាន សីតុណ្ហភាពមិនក្តៅពេករហូតដល់ធ្វើឲ្យទឹកក្លាយជារំហួត និងមិនត្រជាក់ពេករហូតដល់ធ្វើអ្វីៗក្លាយជាទឹកកកនោះឡើយ។
សម្រាប់ព្រះអាទិត្យ TRAPPIST-1 គឺមានទំហំធំជាងភពព្រហស្បតិ៍របស់យើងតែបន្តិចប៉ុណ្ណោះ (ធំជាងផែនដីជាង ១,៣០០ដង) ហើយពន្លឺរបស់វាក៏ខ្សោយជាងព្រះអាទិត្យយើង ២,០០០ដងផងដែរ។ វាមានន័យថាទោះបីជាភពទាំង ០៧ គោចរកៀកនឹងផ្កាយនេះជាងភពពុធ ដែលនៅជិតហ្នឹងព្រះអាទិត្យយើងជាងគេបំផុតនោះ ក៏ទំនងជាមិនមានបញ្ហាក្តៅខ្លាំងនោះដែរ៕