(ម៉ាឌ្រីត)៖ កូរ៉េខាងជើងកំពុងបើកទ្វារចំហខ្លាំងជាងមុន ដើម្បីទាក់ទាញស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ហើយអ្នកដែលមានបំណង ចង់មកធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសនេះ អាចទទួលបានទិដ្ឋាការ ក្នុងអំឡុងពេលមិនលើសពីបួនសប្តាហ៍ឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។
ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងដោយឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំប្រទេសអេស៉្បាញ ដើម្បីជាការរិះគន់ដល់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលបានលាបពណ៌អាក្រក់លើប្រទេសកូរ៉េខាងជើង តាមរយៈការធ្វើសេចក្តីរាយការណ៍ព័ត៌មានមិនពិត។ លោក Kim Hyok-chol ថ្លែងថា «ពួកគេតែងតែនិយាយថា ការធ្វើដំណើរមកកាន់ប្រទេសរបស់យើង មានភាពលំបាកខ្លាំងណាស់ ក៏ប៉ុន្តែវាមិនដូច្នោះឡើយ។ អ្នកអាចធ្វើនិងទទួលបានទិដ្ឋាការ ក្នុងរយៈពេលមិនដល់មួយខែនោះទេ»។
គួរបញ្ជាក់ថា ស្របពេលកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ច ពីសហគមន៍អន្តរជាតិ កូរ៉េខាងជើងទំនងជាកំពុងឆ្លៀតយកពេលវេលាពីការបាញ់មីស៊ីលបង្អួត សហរដ្ឋអាមេរិក មកធ្វើបទបង្ហាញពីការទាក់ទាញភ្ញៀវទេសចរបរទេស ឲ្យទៅកម្សាន្តប្រទេសរបស់ខ្លួន៕