(វ៉ាស៊ីនតោន)៖ សេចក្តីថ្លែងការណ៍ថ្មី តែជារឿងដដែលៗប៉ុណ្ណោះ ដោយក្រសួងការបរទេសអាមេរិកបានលើកឡើងថា ប្រទេសកូរ៉េខាងជើង គួរតែលុបបំបាត់កម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួនជាមុនសិន ទើបអាចធ្វើការពិភាក្សាជាមួយសហរដ្ឋអាមេរិកជាក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។
ការលើកឡើងរបស់អាមេរិកខាងលើនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានថ្លែងថា លោកស្វាគមន៍ចំពោះការរៀបចំកិច្ចពិភាក្សាដោយគ្មានលក្ខខណ្ឌជាមួយនឹង ប្រទេសកូរ៉េខាងជើង ប៉ុន្តែលុះត្រាណាតែរដ្ឋកុម្មុយនិស្តមួយនេះ ព្រមបញ្ឈប់ការបង្កហេតុទាំងអស់ (មានន័យថា ត្រូវឈប់បាញ់មីស៊ីលសាកល្បង និងបំផ្ទុះអាវុធនុយក្លេអ៊ែរផ្សេងៗ)។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Heather Nauert បានលើកឡើងយ៉ាងដូច្នេះថា «ជំហររបស់យើង គឺមិនផ្លាស់ប្តូរនោះទេ។ សម្រាប់កូរ៉េខាងជើង យើងអាចធ្វើការពិភាក្សាគ្នាជាមួយគេបាន លុះត្រាណាតែ ប្រទេសនេះព្រមលះបង់បោលអាវុធនុយក្លេអ៊ែរ ហើយវាក៏ជាអ្វីដែលយើងមិនបានរំពឹងថា ពួកគេនឹងបោះជំហានដើម្បីធ្វើដូច្នោះនោះដែរ»។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅតែបង្ហាញក្តីព្រួយបារម្ភខ្លាំងដដែល ចំពោះការបង្កហេតុរបស់កូរ៉េខាងជើង ដែលនឹងបន្តកើនឡើងជាលំដាប់៕